(ប៉ារីស, បារាំង)៖ លោក លុយ​ ដាវីត​ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង អមដោយមន្ត្រីការទូត និងបងប្អូនខ្មែររស់នៅទីក្រុងប៉ារីស និងតំបន់អ៊ីលឌឺហ្រ្វង់ ប្រមាណជិត ៥០០នាក់ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលរួមពិធី «បុណ្យកឋិនទាន វត្តសុវណ្ណភូមិ » នៅជាយក្រុងប៉ារីស (Ivry-sur-Seine) ដោយមានពិធីសូត្រមន្ត-រាប់បាត្រព្រះសង្ឃ និងពិធីដង្ហែរអង្គកឋិនទាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ថ្លែងទៅកាន់ប្រជាពលរដ្ឋយើង នាឱកាសនោះ លោកឯកអគ្គរាជទូត បានផ្តាំផ្ញើនូវការសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសបារាំង។

លោកក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសាមគ្គីភាពផ្ទៃក្នុងជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូតក៏បានចូលរួមទទួលទានបាយដោយភាពសិ្នទ្ធស្នាលជាភាតរភាពជាមួយសហគមន៍ខ្មែរ ផងដែរ៕