(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាល លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៣នេះ ដែលបានស្នាក់នៅតាមផ្ទះសំណាក់ ក្នុងក្រុងសួង និងស្រុកត្បូងឃ្មុំ ។

មានប្រសាសន៍ទៅកាន់ក្មួយៗ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ រយៈពេលនេះ ខិតខំឲ្យអស់ពីសមត្ថភាព ព្រមទាំងគោរពតាមបទបញ្ជាផ្ទៃក្នុងនៅពេលប្រឡងឲ្យបានល្អ ដើម្បីរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយអំឡុងពេលប្រឡង ពិសេសជូនពរឲ្យក្មួយៗជោគជ័យក្នុងការប្រឡងសាកសមជាទំពាំងស្នងឬស្សី ជាសសរទ្រូងប្រទេសជាតិ។

លោកបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ទៀតថា ក្មួយៗប្រឡងជាប់និទ្ទេសA សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់ជូនកុំព្យូទ័រក្នុងម្នាក់០១គ្រឿង ជាការលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែងសិក្សា ហើយទទួលបានលទ្ធផលល្អក្នុងការប្រឡងនេះ ។ ខណៈដែលថ្លៃស្នាក់នៅ និងការផ្ញើកង់ម៉ូតូ របស់ក្មួយៗ លោកបណ្ឌិត អភិបាលខេត្ត និងលោកជំទាវ ក៏បានរ៉ាប់រងផ្តល់ជូនក្មួយៗ ដោយឥតគិតថ្លៃផងដែរ។

ជាមួយគ្នានោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានណែនាំដល់អាជ្ញាធរ ត្រូវចុះទៅណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធមានសមត្ថកិច្ចត្រូវត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀមកំលាំងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុងពេលប្រឡងរយៈពេល២ថ្ងៃនេះ ឲ្យបានល្អប្រសើរ។

លោកបណ្ឌិត អភិបាលខេត្ត បន្ថែមថា ទីតាំងដែលផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងនាឱកាសនោះ សរុបចំនួន៣៦ផ្ទះសំណាក់ ក្នុងនោះរួមមាន ក្រុងសួង មានចំនួន១២ផ្ទះសំណាក់ និងស្រុកត្បូងឃ្មុំ មានចំនួន២៤ផ្ទះសំណាក់។

សូមជម្រាបថា: ចំពោះខេត្តត្បូងឃ្មុំ មានមណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតុយភូមិសម្រាប់ឆ្នាំ២០២៣ មានចំនួន ០៩មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល និងមានបន្ទប់ប្រឡងចំនួន ១៩៦ បន្ទប់។

សូមរំលឹកថា កន្លងមករៀងរាល់ឆ្នាំ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន តែងតែផ្ដល់ជូនដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្តត្បូងឃ្មុំ សម្រាប់កន្លែងស្នាក់ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ក៏ដូចជាកុំព្យូទ័រសិស្សជាប់និទ្ទេសA ក្នុងម្នាក់១គ្រឿងផងដែរ ដែលសបញ្ជាក់បង្ហាញនូវការ គិតគូនិងយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ។