(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណសង្ឃនាយក នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បាននិមន្តជាតំណាងសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនាកម្ពុជា ធ្វើជាព្រះអធិបតីភាពក្នុងពិធីចែកសក្ខីបត្រ ជូនដល់សិក្ខាកាមអាជីវកម្មសម្មាមគ្គ ជំនាន់ទី៣ នៅរមណីយដ្ឋានត្នោតជ្រំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
ក្នុងពិធីនោះ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃ និងជាបរិនាយកវគ្គសិក្សា, ធម្មបណ្ឌិត ហេង មណីចិន្តា វិទ្យាចារ្យប្រចាំវគ្គ និងបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមធម្មសកម្ម បានបង្ហាញពីរបាយការណ៍ និងមានមតិយោបល់ជុំវិញដំណើរការវគ្គសិក្សា «អាជីវកម្មសម្មាមគ្គ» ដែលរហូតដល់ពេលនេះ បានបញ្ចប់វគ្គសិក្សាចំនួន ៣វគ្គមកហើយ ដែលវគ្គទី១ មានសិក្ខាកាម២០នាក់, វគ្គទី២ ចំនួន២០នាក់ និងវគ្គទី៣ នេះ ចំនួន៣០នាក់។ សម្រាប់វគ្គទី៤ ដែលគ្រោងនឹងបើកដំណើរការ នៅខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ រំពឹងមានសិក្ខាកាមចំនួន ៣០នាក់ថែមទៀត។
វគ្គសិក្សានេះ មានកម្មវិធីរៀនផ្ទាល់ នៅនឹងផ្ទះអាជីវកម្មសម្មាមគ្គចំនួន ១២ថ្ងៃ ក្នុងរយៈពេល៦ខែ និងតាមប្រព័ន្ធអនឡាញ ១២លើកផងដែរ។ អាជីវកម្មសម្មាមគ្គ គឺជាប្រភេទនៃការធ្វើអាជីវកម្ម ដែលតម្រង់អាជីវករឲ្យប្រកបអាជីវកម្មបានត្រឹមត្រូវ ធ្វើឱ្យមានការរីកចម្រើន មានប្រយោជន៍ មានសេចក្តីសុខដល់បុគ្គល សង្គម និងធម្មជាតិ មានមូលដ្ឋានលើការយល់ត្រូវ ការគិតត្រូវ ការនិយាយត្រូវ ការធ្វើអំពើត្រូវ ការចិញ្ចឹមជីវីតត្រូវ ការព្យាយាមត្រូវ ការតាំងសតិត្រូវ និងការតម្កល់ចិត្តជាសមាធិត្រូវ ដែលក្នុងព្រះពុទ្ធសាសនាហៅថា អដ្ឋង្គិកមគ្គ ឬ សម្មាមគ្គ។
ជាមួយនឹងការអបអរសាទរ ចំពោះសិក្ខាកាមដែលទើបបញ្ចប់វគ្គសិក្សាហើយទទួលបានសក្ខីបត្រ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីកាសង្ឃឹមថា វគ្គអាជីកម្មសម្មាមគ្គនេះនឹងចូលរួមចំណែកសាយភាយ របៀបធ្វើជំនួញតាមបែបព្រះពុទ្ធសាសនានេះ ទៅដល់អ្នកកាន់ព្រះពុទ្ធសាសនា នៅកម្ពុជា ដើម្បីជួយឱ្យការធ្វើជំនួញកាន់តែរីកចម្រើនឡើង។
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត បានមានសង្ឃដីកាយ៉ាងដូច្នេះថា «ព្រះពុទ្ធសាសនាយើងនេះ មានមនុស្សមួយចំនួន ចេះតែយល់ឃើញថា ឱ្យតែរៀនធម៌ ដឹងតែក្រ បែរជាគិតបែបនេះ តាមពិតមិនមែនទេ។ កុំយល់ច្រឡំថា ព្រះពុទ្ធសាសនាបង្រៀនមនុស្ស ដែលកំពុងរកស៊ី នៅពេលកាន់ធម៌ ក៏ស្រាប់តែបិទហាង គឺអត់ទេ សាវ័ករបស់ព្រះពុទ្ធមានសេដ្ឋីច្រើនណាស់ ដូចជានាងវិសាខា ដូចជាអនាថបិណ្ឌិកសេដ្ឋី ជាដើម គឺជាអ្នកមាននៅតំបន់ជម្ពូទ្វីប។ ដូច្នេះ ជាឧបាសក ឧបាសិកា ត្រូវមានជំនួញ [ធ្វើជាអាជីវកម្ម ឬធ្វើការងារ ដោយផ្អែកលើសីល សមាធិ និងបញ្ញា»។
សម្តេចព្រះមហាអរិយវង្ស ក៏បានមានសង្ឃដីកាផ្តល់ឱវាទនូវធម៌ដែលជាកម្លាំង៥យ៉ាង ដែលអាចជួយដល់អ្នកជំនួញឲ្យរឹតតែបានជោគជ័យ ដែលរួមមាន៖ ទី១-សទ្ធាពលៈ គឺជឿដោយមានហេតុមានផល មានទំនុកចិត្ត, ទី២-វីរិយពលៈ គឺជាសេចក្តីព្យាយាម, ទី៣-សតិពលៈ គឺជាការដឹងរឿងរ៉ាវ ត្រូវមានស្មារតីរំលឹកខ្លួនឯង, ទី៤-សមាធិពលៈ គឺមានចិត្តស្ងប់ និងទី៥-បញ្ញាពលៈ គឺត្រូវមានបញ្ញា មានទេពកោសល្យក្នុងការប្រកបអាជីវកម្ម។
ក្នុងឱកាសនោះដែរ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ស្នើសុំបិណ្ឌបាតដល់អ្នកធ្វើជំនួញដែលប្រកបអាជីវកម្មបានរីកចម្រើន សូមធ្វើការចែកនូវទ្រព្យធនរបស់ខ្លួន ក្នុងចំណែកណាមួយ ដើម្បីធ្វើជាទានសម្រាប់ប្រយោជន៍ដល់សង្គមជាតិ តាមរយៈការជួយដល់វិស័យអប់រំ វិស័យសុខាភិបាលជាដើម៕