Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ីកំពុងរៀបចំ​ធ្វើសមយុទ្ធ​យន្តហោះ​ចម្បាំង​ទ្រង់ទ្រាយធំ ខណៈកំពុងមាន​ភាពតានតឹង​ខ្លាំងជាមួយ​អ៊ុយក្រែន

17-08-2016 16:29

(មូស្គូ)៖ យន្តហោះចម្បាំងទំនើបប្រភេទ MiG-31 និង យន្តហោះទម្លាក់គ្រាប់បែក Su-24 ចំនួន ១៦គ្រឿង ត្រូវបានត្រៀមទុករួចរាល់ហើយ នៅឯមូលដ្ឋានទ័ពអាកាស Urals ភាគខាងត្បូងប្រទេសរុស្ស៊ី ដើម្បីដឹកនាំទៅធ្វើ សមយុទ្ធយោធាទ័ពអាកាសទ្រង់ទ្រាយធំ នៅឯមូលដ្ឋានទ័ព Perm។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។

ការធ្វើសមយុទ្ធខាងលើនេះ បានធ្វើឡើងក្នុងន័យបង្កើនសមត្ថភាព ក្នុងការប្រយុទ្ធ ដោយយន្តហោះ MiG-31 នឹងធ្វើការ ហោះហើរ និងធ្វើការសម្តែងឲ្យដូចជា ការប្រយុទ្ធប្រឆាំងនឹង សត្រូវពិតៗតែម្តង។ នេះបើតាមការលើកឡើងរបស់ ក្រសួងការពារជាតិរុស្ស៊ី ខណៈភាពតានតឹងជាមួយអ៊ុយក្រែន នៅតែជារឿងដ៏គួរឲ្យព្រួយបារម្ភបំផុតនោះ។

គួរបញ្ជាក់ថាសមយុទ្ធខាងលើនេះ សរុបមានការចូលរួម ដោយយន្តហោះ ១៦គ្រឿង, ពីឡុត ២៦រូប, និង បុគ្គលិកយោធាជំនាញប្រមាណ ១០០នាក់ ហើយវានឹងមានរយៈពេល មួយខែពេញ។ ក្រោយសមយុទ្ធបញ្ចប់ សព្វាវុធ និងយោធាទាំងអស់ នឹងត្រូវបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស Domna៕