(ស្វាយរៀង)៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់នូវកុដ្ឋ និងកន្លែងទទួលភ្ញៀវមួយខ្នងកម្ពស់១ជាន់ ធ្វើអំពីបេតុងប្រក់ក្បឿង មានបណ្តោយប្រវែង១៦ម៉ែត្រ ទទឹងប្រវែង១២ម៉ែត្រ កម្ពស់៩.៤០ម៉ែត្រ ស្ថិតក្នុងវត្តអម្ពវ័ន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលគ្រោងចំណាយថវិកា ក្នុងការសាងសង់អស់ថវិកាប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះ លោកអភិបាលក្រុងបាវិត បានបញ្ជាក់ថា តម្លៃនៃសុខសន្តិភាព គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យហើយ សមិទ្ធផលនានាដែលយើងកំពុង សាងសង់នាពេលនេះ ក៏កើតចេញដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចប្រារព្ធពិធីសាសនាទៅតាមបែបប្រពៃណីរៀងៗខ្លួន។

លោកក៏បាននាំមកនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយបានដោះស្រាយនូវទុក្ខលំបាកនានា ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់សប្បុរជនជិតឆ្ងាយ ដែលបានចូលរួមដោយទឹកចិត្តកសាងនូវសមិទ្ធផលនានានៅវត្តអម្ពវ័ន ក្រុងបាវិតខេត្តស្វាយរៀង ឲ្យលេចចេញជារូបរាងឡើង ហើយនឹងធ្វើពិធីឆ្លងនាពេលខាងមុខគឺដោយសារមានការចូលរួមពីអាជ្ញាធរ ប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

លោក លឹម សៀងហេង ក៏បានអំពាវនាវឲ្យអាជ្ញាធរ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ត្រូវអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ និងដោះស្រាយសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងគណនេយ្យភាព ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋានជាក់ស្ដែងក្តាប់ឲ្យច្បាស់លាស់ពីកង្វះខាត សំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវការជាចាំបាច់ ដើម្បីរួមចំណែកកាត់បន្ថយការលំបាក ភាពក្រីក្រ និងជួយលើកកម្ពស់ ជីវភាព រស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

នៅក្នុងឱកាសនោះ លោកអភិបាលក្រុងបាវិត និងសហការី ក៏បាននាំនូវបច្ច័យចំនួន៤,២៣០,០០០រៀល និង៣០០ដុល្លារ ប្រគេនដល់វត្តចៅអធិការវត្តអម្ពវ័ន ដើម្បីបន្តកសាងនូវកុដ្ឋ និងកន្លែងទទួលភ្ញៀងផងដែរ៕