(ស្វាយរៀង)៖ ស្ថានភាពទឹកភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យប៉ពាល់ភូមិចំនួន៣ ក្នុងសង្កាត់ព្រៃអង្គុញ, នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានដឹកនាំមន្ត្រីការិយាល័យជំនាញ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ដែលរងនូវផលប៉ះពាល់ដល់ភូមិមួយចំនួនក្នុងសង្កាត់ព្រៃអង្គុញ នាចុងរដូវវស្សាឆ្នាំនេះ។

លោកអភិបាលក្រុងបានឱ្យដឹងថា ដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃមកនេះជាហេតុបណ្តាលឱ្យកើតមានជាជំនន់ទឹកភ្លៀងបានជន់លិច សាលារៀន វត្តអារាម ផ្លូវថ្នល់ ផ្ទះសម្បែង ស្រែចំការ និងផលដំណាំ របស់ប្រជាពលរដ្ឋចំនួន៣ភូមិ គឺភូមិគោកល្វៀង ភូមិព្រៃធំ ភូមិកំពោតលាភ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

លោកអភិបាលក្រុង បានបន្តថា នៅរសៀលនេះលោកនឹងចាត់ឱ្យមន្ត្រីការិយាល័យជំនាញ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលទីតាំងសំរាប់កាយផ្លូវទឹកបង្ហូរចេញទម្លាក់ចូលបឹងខ្វាង ដើម្បីរំដោះទឹកចេញបញ្ជៀសជំនន់ទឹកភ្លៀង ហើយនឹងសុំអន្តរាគមន៍ពីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីបើកទ្វារទឹកនៅបឹងដូនទយ ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ដើម្បីទម្លាក់ទឹកពីបឹងខ្វាងទៅបឹងដូនទយ ទើបអាចរំដោះជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនេះបាន។

លោក លឹម សៀងហេង ក៏បានអំពាវនាវដល់ប្រជាពរដ្ឋដែលមានកូនចៅតូចៗត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវមើលថែកូនចៅកុំលេងទឹកដែលបណ្តាលឱ្យគ្រោះថ្នាក់ជាយថាហេតុ៕