(ភ្នំពេញ)៖ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា មហាអយ្យការអមតុលាការកំពូល និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦។

បន្ទាប់ពីលោកជំទាវ ជា លាង មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើរួចមក, នាយឧត្តមសេនីយ៍ សៅ សុខា បានរម្លឹកពីពាក្យស្លោករបស់អាវុធហត្ថថា ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំដល់មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ថា ត្រូវស្មោះត្រង់ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង ត្រូវមានវិន័យ មានសណ្ដាប់ធ្នាប់ ត្រូវមានឆន្ទៈអង់អាចក្លាហាន ហើយ និងឧស្សាហ៍ព្យាយាមតស៊ូ យកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេសនាមពន្យល់បកស្រាយណែនាំ គោរពបទបញ្ជាផ្ទៃក្នុងសាលា និងគោរពវិន័យ។

លោកថា «ត្រូវហ៊ានសួរឲ្យបានផុសផុល រវាងទ្រឹស្ដី និងការអនុវត្តផ្ទាល់ លើកកម្ពស់សាមគ្គីភាព ដើម្បីឱ្យវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦ ប្រកបដោយលទ្ធផលផ្លែផ្កា»