(ស្ទឹងត្រែង)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ម៉ែន គុង ប្រធានសហភាពសហព័ន្ធកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលសួរសុខទុក្ខបេក្ខជន មាតាបិតា ដែលមកលើកទឹកចិត្តកូន

ប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២២-២០២៣ ដែលកំពុងសម្រាកពីការប្រឡង។

ក្នុងឱកាសនោះលោក ម៉ែន គុង ជូនពរបេក្ខជនទាំងអស់ឱ្យខំយកចិត្តទុកដាក់ក្នុងប្រឡង ដើម្បីធានាបានលទ្ធផលជាប់គ្រប់ៗគ្នា។ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

លោកបន្តថា «ការប្រឡងនេះ ដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ»

នៅក្នុងឱកាសនោះ លោក ម៉ែន គុង បានចាត់ទុកសកម្មភាព អាណាព្យាបាល ដែលមកលើកទឹកចិត្តកូនដល់មណ្ឌលប្រឡងនេះ ពិតជាការលើកទឹកចិត្តដល់ធំធេងមួយ សម្រាប់ប្អូនៗ ដែលមកប្រឡងនាពេលនេះ។

សូមបញ្ជាក់ថា សម្រាប់ខេត្តស្ទឹងត្រែងមាន២មណ្ឌល នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺមណ្ឌលគរុកោសល្យភូមិភាគមួយ ចំនួន៣៦បន្ទប់ ដំណើរការប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គម មានបេក្ខជន ចំនួន ៨៩២នាក់ និងមណ្ឌល វិទ្យាល័យ ព្រះរាជបូជនីយកិច្ច ដំណើរការប្រឡងថ្នាក់វិទ្យាសាស្រ្ត ចំនួន៧បន្ទប់ មានបេក្ខជនប្រឡងចំនួន១៦៤នាក់ សរុបបេក្ខជនប្រឡងទាំងអស់ចំនួន១០៥៦នាក់៕