(ប៉េកាំង, ចិន)៖ ស្ថិតនៅចំកណ្តាលឧទ្យានអូឡាំពិកនៃរដ្ឋធានីប៉េកាំង ប្រទេសចិន សារមន្ទីរបុរាណវិទ្យាចិនបានទាក់ទាញចំណាប់អារម្មណ៍គណៈប្រតិភូកម្ពុជា និងអ្នកសារព័ត៌មានយ៉ាងខ្លាំង ជាមួយការដាក់បង្ហាញវត្ថុបុរាណដ៏គួរឱ្យកត់សម្គាល់ និងដែលបានឆ្លុះបញ្ចាំងពីការវិវត្តនៃអរិយធម៌ចិនដ៏សម្បូរបែប។

ដំណើរទស្សនកិច្ចនេះធ្វើឡើងកំឡុងពេលប្រតិភូកម្ពុជា ចូលរួមវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជាលើកទី៣ ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន (CASS)។

ពិព័រណ៍នេះចែកចេញជាប្រាំផ្នែក ដែលផ្នែកកនីមួយៗបង្ហាញអំពីទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ប្រទេសចិន ព្រមទាំងការផ្លាស់ប្តូរជាមួយប្រទេសដទៃទៀតតាំងពីសម័យកាល Paleolithic រហូតដល់សម័យទំនើប។ សម្រាប់យុគថ្មបំបែក (Paleolithic) មានកាដាក់តាំងថ្មបុរាណនានា ដែលប្រើដោយមនុស្សសម័យដើម ខណៈដែលផ្នែកយុគថ្មរំលីង (Neolithic) បង្ហាញគ្រឿងស្មូន និងវត្ថុបុរាណផ្សេងទៀត។ ផ្នែករាជវង្សសាង (Shang) បង្ហាញកប៉ាល់សំរិទ្ធ ផ្នែករាជវង្សចូវ (Zhou) មានចម្លាក់ត្បូងថ្ម រីឯផ្នែករាជវង្សឈីន(Qin) មានការដាក់តាំងបង្ហាញរូបអ្នកចម្បាំងដែលធ្វើពីដីឥដ្ឋ។ ចំណែកផ្នែករាជវង្សហាន (Han) ជាកន្លែងដែលពោរពេញទៅដោយសូត្រ ចំណែកផ្នែករាជវង្សថាង (Tang) មានផ្ទាំងគំនូរ ហើយផ្នែករាជវង្សសុង (Song) មានការបង្ហាញពីប៉សឺឡែន ហើយផ្នែករាជវង្សមីង (Ming) ដាក់តាំងគ្រឿងសង្ហារឹម។ ជាចុងក្រោយ ផ្នែករាជវង្សឈីង (Qing) មានលក្ខណៈពិសេស ដោយសារការបង្ហាញពីស្ថាបត្យកម្មពីរាជវង្សអធិរាជចុងក្រោយនៃប្រទេសចិន។

គណៈប្រតិភូកម្ពុជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្ថុបុរាណវប្បធម៌ដែលដាក់តាំងបង្ហាញ ជាពិសេសវត្ថុបុរាណដែលមាអាយុកាលតាំងពីដំណាក់កាលដំបូងនៃអរិយធម៌ចិន។ វត្ថុទាំងនោះរួមមានរូបចម្លាក់គ្រឿងស្មូន មានរូបរាងជាមុខមនុស្ស ដែលមានអាយុពី៤៧០០ទៅ ៧០០០ឆ្នាំ និងបន្ទះធ្វើពីលង្ហិនលាយពណ៌ខៀវជាមួយរបាំងមុខពីតំបន់ Erlitou ក្នុងខេត្ត Henan ដែលមានអាយុកាលជាង ៣៥០០ឆ្នាំ។

ចំណុចលេចធ្លោផ្សេងទៀតនៃការតាំងពិពរណ៍រួមមាន សំណល់សេះ និងរទេះសេះពីប្រាសាទយីនស៊ូ ដែលជាទីតាំងនៃរាជធានីនៃចុងរាជវង្សសាង។ វត្ថុបុរាណដ៏អស្ចារ្យទាំងនេះ រំលេចនូវពីបច្ចេកវិទ្យានៃការដឹកជញ្ជូន និងសង្គ្រាមទំនើបនៃរាជវង្សសាង ។

សារមន្ទីរបុរាណវិទ្យាចិន គឺជាសារមន្ទីរជាតិ ដែលជាប់ទាក់ទងនឹងបណ្ឌិត្យសភាប្រវត្តិសាស្ត្រចិន។ សារមន្ទីរនេះបានបង្ហាញ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីដ៏ល្អឥតខ្ចោះរបស់ប្រទេសចិន រៀបរាប់រឿងរ៉ាវអំពីអរិយធម៌ចិន និងវប្បធម៌ចិនដ៏អស្ចារ្យ ដែលបានដើរតួជាបង្អួច ដើម្បីបង្ហាញអំពីអរិយធម៌ចិន។ ការតាំងពិព័រណ៍អរិយធម៌ និងវត្ថុបុរាណទាំងនេះ បានបង្ហាញពីដំណើរការនៃការបង្កើត និងការអភិវឌ្ឍនៃអរិយធម៌ចិន និងការបង្រួបបង្រួមប្រទេសពហុជាតិសាសន៍ ដែលមានរយៈកាលជាង ៥០០០ឆ្នាំមកហើយ៕