(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញលិខិតបំភ្លឺមួយ ក្រោយមាន​គណនី Facebook បង្ហោះសារ បង្កជាការយល់ច្រឡំលើនីតិវិធីនៃការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គល។

សេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ថ្មីៗនេះគណនីហ្វេសប៊ុកឈ្មោះ Keo Socheat បានលើកឡើងថា «មន្ត្រីអត្រានុកូលដ្ឋានហួស ហេតុពេកហើយ សំបុត្រកំណើតរបស់ប្រជាជនត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាជនទៅវិញ។ ការសរសេរចម្លងខុស គឺជារឿងអសមត្ថភាពការងាររបស់អស់លោក ជាកំហុសអស់លោក ហេតុអ្វីបែរជាតម្រូវឱ្យប្រជាជនរត់ទៅនេះរត់ទៅនោះ ចុងក្រោយឱ្យទៅតុលាការទាំង គាត់គ្មានកំហុសសោះបែបនេះទៅវិញ»

បើតាមព័ត៌មានដែលទទួលបាន បានឱ្យដឹងថាគណនីហ្វេសប៊ុកនេះ គ្រប់គ្រងដោយមន្ត្រីម្នាក់។ បន្ទាប់មក ខ្លឹមសារខាងលើត្រូវបានបន្តផ្សព្វផ្សាយដោយសារព័ត៌មានមួយចំនួន ដែលអាចបង្កជាការយល់ច្រឡំលើនីតិវិធីនៃការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គល។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឲ្យដឹងថា នីតិវិធីនៃការកែតម្រូវទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្តចំនួនបីគឺ (ទី១) អនុក្រឹត្យ លេខ១០៣ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០ ស្តីពីអត្រានុកូលដ្ឋាន (ទី២) អនុក្រឹត្យលេខ១៣៤ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ និង (ទី៣) សេចក្តីណែនាំ លេខ០៤៥ សណន ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាព ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន។

ភាពខុសគ្នារវាងទិន្នន័យនៅក្នុងគល់បញ្ជីជាមួយនឹងសំបុត្រអត្រានុកូលដ្ឋាន អាចមានបញ្ហាពីរដែលត្រូវពិនិត្យ និងវាយតម្លៃឱ្យបានជាក់លាក់គឺ (ទី១) អាចជាកំហុសរបស់មន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ពេលចម្លងចូលគល់បញ្ជីខ្វះការប្រុងប្រយ័ត្ន (ទី២) អាចជាកំហុសរបស់បុគ្គលប្រើប្រាស់ឯកសារ ដោយគាត់ធ្វើការ កោសលុប កែតម្រូវ ឬសរសេរបន្ថែមដោយខ្លួនឯង ដើម្បីបំពេញតម្រូវការណាមួយ។ ទោះជាយ៉ាងណា នេះជាភារកិច្ច និងការទទួលខុសត្រូវរួមរបស់មន្ត្រីជំនាញពាក់ព័ន្ធ ក្នុងការពិនិត្យលើបញ្ហានីមួយៗ ដាច់ដោយឡែកពីគ្នា ដើម្បីរួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋដោយមិនត្រូវសន្មត់ថាជាបញ្ហាតែមួយ ហើយដាក់បន្ទុកលើមន្ត្រីអត្រានុកូលដ្ឋានទូទៅឡើយ៕

ខាងក្រោមនេះជាសេចក្តីបំភ្លឺ៖