(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានដឹកនាំគណៈប្រតិភូអង្គភាពស៊ីម៉ាក់ ដើម្បីបំពេញការងារនៅជប៉ុន។
ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសាលាក្រុងអូគីណាវ៉ា លោក ហេង រតនា និងលោកអភិបាលក្រុងអូគីណាវ៉ា ជាមួយប្រធានអង្គការ JICA ប្រចាំក្រុងអូគីណាវ៉ា និងសម្ពន្ធ័សារមន្ទីរក្រុងអូគីណាវ៉ា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀមសហប្រតិបត្តិការដែលភាគីជប៉ុន ឯកភាពផ្តល់ជំនួយ ក្នុងការគាំទ្រអភិវឌ្ឍន៍ធនធានមនុស្ស គោលដៅសំខាន់ គឺផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីជំនាញសារមន្ទីរតេជោសន្តិភាព សៀមរាប រយៈពេល៣ឆ្នាំ២០២៤-២០២៦។
លោក ហេង រតនា បានឲ្យដឹងថា មន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ ត្រូវបញ្ជូនមកបណ្តុះបណ្តាល នៅសារមន្ទីរសន្តិភាព នៃក្រុងអូគីណាវ៉ា ហើយមន្ត្រីជំនាញនៃសារមន្ទីរសន្តិភាពអូគីណាវ៉ា ត្រូវចូលរួមរៀបចំបណ្តុះបណ្តាលនៅកម្ពុជាផងដែរ។
លោក ហេង រតនា បានលើកឡើងថា ការកសាងធាតុរឹងរួមមានអាគារសារមន្ទីរ «តេជោសន្តិភាព» ការរៀបចំដាក់បង្ហាញរូបភាព វត្ថុតាង និងឯកសារទាំងឡាយ ពិតជាសមិទ្ធិផលសំខាន់ណាស់ ទន្ទឹងនឹងនេះ ការកសាងសមត្ថភាពធនធានមនុស្ស ប្រកបដោយវិជ្ជាជីវៈ និងទេពកោសល្យក៏សំខាន់ណាស់ដែរ ដើម្បីសម្រេចគោលដៅ នៃការអប់រំផ្សព្វផ្សាយពីតម្លៃសន្តិភាព និងសម្រេចទស្សនវិស័យ «អរគុណសន្តិភាព»៕