(ភ្នំពេញ)៖ លោក Joseph Scheuer អ្នកសម្របសម្រួល អសប ប្រចាំព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌជាតិរក្សាសន្តិភាព, ឧត្តមសេនីយ៍ឯក Koh Hyeon Seok នាយសេនាធិការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អសប ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោក Joseph Scheuer និងឧត្តមសេនីយ៍ឯក Koh Hyeon Seok ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននេះ។
នាយឧត្តមសេនីយ៍ បានលើកឡើងថា កម្ពុជាពិតជាមានមោទនភាព ដែលត្រូវបានអង្គការសហប្រជាជាតិ ជ្រើសរើសជាប្រទេសមួយ ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រះរាជាណាចក្រថៃឡង់ សាធារណរដ្ឋឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះវិលជុំរយៈពេល២ឆ្នាំម្តង លើគម្រោងហ្វឹកហ្វឺនត្រីភាគីនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់លោក Shinzo ABE អតីតនាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន ដែលផ្តួចផ្តើមគម្រោងនេះឡើង ក្នុងកិច្ចប្រជុំកំពូល ស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៤ ក្នុងគោលបំណងគាំទ្រដល់ប្រទេសបរិច្ចាគកងកម្លាំង និងសូមថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលបានឧបត្ថម្ភគាំទ្រដល់ដំណើរការនៃគម្រោងនេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្ថែមថា វគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អសប ស្តីពីការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់នេះ គឺការហ្វឹកហ្វឺនលើកទី១ ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដោយក្រុមយោធាចារ្យសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកការយល់ដឹងបន្ថែម លើជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់សម្រាប់ស្ថាបនាចំណង់ផ្ដេក និងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឈន៍ប្រទេសជាតិផង ជាពិសេសដើម្បីគាំទ្រដល់ដំណើរការស្តារសន្តិភាព និងសន្តិសុខ ក្នុងតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
ឧត្តមសេនីយ៍ឯក Koh Hyeon Seok បានថ្លែងថា គិតចាប់ពីថ្ងៃនេះ សម្រាប់រយៈពេល ០៤សប្តាហ៍ខាងមុខ គ្រូយោធាចារ្យជំនាញវិស្វកម្មកូរ៉េខាងត្បូងនឹងបង្រៀនវគ្គហ្វឹកហ្វឺនគ្រឿងចក្រធន់ធ្ងន់នៅសាលា PKO ហើយយើងក៏នឹងបើកដំណើរការអប់រំ និងបណ្តុះបណ្តាលថ្មីសម្រាប់អង្គភាពវិស្វកម្ម PKO ដើម្បីឱ្យមានភាពស្ទាត់ជំនាញក្នុងប្រតិបត្តិការប្រើប្រាស់ឧបករណ៍នីមួយៗ។
ឧត្តមសេនីយ៍ឯក បានបន្តថា លោកពិតជាមានទំនុកចិត្តថា ការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា នឹងកាន់តែស៊ីជម្រៅ និងអភិវឌ្ឍបន្ថែមទៀត តាមរយៈសកម្មភាពរបស់មន្រ្តីក្នុងសាលាហ្វឹកហ្វឺរក្សាសន្តិភាព។
លោក Joseph Scheuer បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវគ្គហ្វឹកហ្វឺននេះឡើង។
លោកបានបន្តថា វគ្គហ្វឺកហ្វឺននេះមានលក្ខណៈពិសេសពីរយ៉ាង គឺជាវគ្គដំបូងដែលរៀបចំដោយ គម្រោងត្រីភាគី នៅកម្ពុជា ហើយក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដំបូងនៃការហ្វឹកហ្វឺនរួមគ្នា «ត្រីភាគី» រវាងប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិផងដែរ។ ការចាប់ផ្តើមនៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រវិស្វកម្មធុនធ្ងន់នៅកម្ពុជាថ្ងៃនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដើម្បីសន្តិភាព។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវរាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែងក្នុងតំបន់បេសកកម្ម ជាពិសេស គឺត្រូវបានជ្រើសរើសដោយយោចារ្យកូរ៉េ និងទទួលស្គាល់ពីសំណាក់មន្រ្តីអង្គការសហប្រជាជាតិ ដើម្បីឱ្យក្លាយជាគ្រូបង្គោលសម្រាប់បង្វឹកដល់កម្លាំងវិស្វកម្មត្រៀមចេញបំពេញបេសកកម្មនាពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា គិតចាប់ឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបចំនួន៩២០៧នាក់ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តាប្រទេសចំនួន១០ មានជាអាទិ៍៖ ស៊ូដង់ ឆាត លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យេម៉ែន និងកុងហ្គោ លើជំនាញសំខាន់ៗ ដូចជា៖ វិស្វកម្មពហុជំនាញ វិស្វកម្មព្រលានយន្តហោះ បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្ន កម្លាំងសរុប ៨៤៨នាក់ នារី ១៤៤ នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន ៥ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល ម៉ាលី និង កុងហ្គោ៕