(ភ្នំពេញ)៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបន្ដសកម្មភាពប្រឡងយ៉ាងសស្រាក់សស្រាំ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាមួយក្ដីរំពឹងខ្ពស់ ខណៈឪពុកម្ដាយ អាណាព្យាបាលក៏បន្ដមកចូលរួមលើកចិត្តកូនៗរបស់គាត់ដូចកាលពីពេលព្រឹកដែរ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)។

បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។ មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា៥,៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១,៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣,៨៦១បន្ទប់។

ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕