(សៀមរាប)៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដល់មន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីស្រាវជ្រាវយកអ្នកជំងឺមហារីកដោះមកព្យាបាលសំរ៉ន់ ឬក៏អាចបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យនៅភ្នំពេញ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានឲ្យដឹងថា ការព្យាបាលចំពោះអ្នកជំងឺមហារីដោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺបានពិនិត្យ ស្រាវជ្រាវ ត្រឹមត្រូវទាំងអស់ ប៉ុនែ្តលទ្ធភាពនៃផ្តល់ការព្យាបាលបន្តទៀត ទាក់ទងអំពីបញ្ហាសាច់កាចនេះ គឺវាបានត្រឹមប៉ុណ្ណឹង នៅថ្នាក់មន្ទីរពេទ្យខេត្ត។ លោកវេជ្ជបណ្ឌិត បន្តថា ក្រុមគ្រូពេទ្យជំនាញមានតែពន្យល់ប្រាប់ដល់អ្នកជំងឺឲ្យទៅព្យាបាលបន្តនៅភ្នំពេញទៀត ប៉ុនែ្តអ្នកជំងឺខ្លះគាត់អត់បានទៅព្យាបាលបន្តនោះទេ ដោយសារតែកត្តាផ្សេងៗ ហើយគាត់ក៏បានទៅផ្ទះវិញ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តថា នេះជាការងារមួយដែលគ្រូពេទ្យ ត្រូវបង្កើនការប្រុងប្រយ័ត្នទាក់ទងទៅនឹងការផ្ដល់ប្រឹក្សាដល់អ្នកជំងឺ ដែលបានរកឃើញជាប្រភេទជំងឺមហារីកដោះនេះ ជាមិនឆ្លងប៉ុន្តែអាចបង្ករឱ្យមានភាពឈឺចាប់ រ៉ាំរ៉ៃ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបន្តទៀតថា បើជាការងារបច្ចេកទេសរបស់គ្រូពេទ្យ គឺគាត់បានប្រតិបត្តិបានត្រឹមត្រូវ ដោយមានឯកសារយោង ដោយមានកំណត់ថ្ងៃខែពិនិត្យ ព្យាបាល វះកាត់ មើលអេកូ ហើយលោកគិតថា ក្រុមគ្រូពេទ្យគាត់ធ្វើការនេះបានត្រឹមត្រូវ ដោយសារមានការណែនាំ និង ចង្អុលបង្ហាញពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងការចូលរួមជួយធ្វើការងារនេះបន្តទៅទៀត មន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានសហការណ៏ជាមួយអាជ្ញាធរមូលដាន ស្រាវជ្រាវរកគាត់ យកមកប្រឹក្សានឹងផ្តល់ការព្យាបាលសំរ៉ន់ ឬក៏អាចនឹងបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញទៀត។

ទន្ទឹមនឹងនេះដែរ អ្នកស្រី ទេព ពៅ អាយុ៥៤ឆ្នាំរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាអ្នកជំងឺមហារីកដោះ បានឲ្យដឹងថា អ្នកស្រីទើបតែដឹងថាមានកើតដុំដោះនេះ នៅដើមឆ្នាំ២០២៣ រហូតដល់០៨ខែក្រោយ ទើបអ្នកស្រីសម្រេចចិត្តមកពិគ្រោះជាមួយគ្រួពេទ្យ ដើម្បីពិនិត្យ និងធ្វើការវះកាត់ បន្ទាប់ពីវះកាត់ ជាសះស្បើយហើយស្អាតល្អហើយ គ្រូពេទ្យបានពន្យល់ប្រាប់អំពីការដែលត្រូវព្យាបាលបន្តទៀតដែលមានមន្ទីរពេទ្យក្រុងភ្នំពេញ ដែលអាចមានលទ្ធភាពក្នុងការព្យាបាលបន្តដោយថ្នាំនិងមធ្យោបាយឯកទេស តែគាត់មិនបានទៅដោយបញ្ហាជីវភាព។ បានប៉ុន្មានខែក្រោយមកទៀត ស្រាប់តែដឹងថាមានដុំតូចមួយកើតឡើងទៀត ហើយយូរៗវាឈឺម្ដង។

អ្នកស្រី ទេព ពៅ បានបន្តថា នៅពេលទទួលដំណឹងពីគ្រូពេទ្យមណ្ឌលសុខភាពដែលទាក់ទងមកសួរនាំអំពីបញ្ហាជំងឺដុំដោះនេះ និងអញ្ជើញអ្នកស្រីមកជួបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តម្តងទៀត អ្នកស្រីមានសេចក្តីសប្បាយរីករាយជាខ្លាំង និងសង្ឃឹមថាជំងឺអ្នកស្រីនឹងបានទទួលការព្យាបាលសំរ៉ន់ ឬក៏អាចមានលទ្ធភាព ទៅបន្តការព្យាបាល នៅមន្ទីរពេទ្យជំនាញ នាទីក្រុងភ្នំពេញ។

ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានអំពាវនាវដល់ស្រ្តីទាំងអស់ ត្រូវឆែកសុខភាពខ្លួនឯង ឱ្យបានទៀងទាត់ ជាមួយគ្នានេះដែរក្រសួងសុខាភិបាល ក៏បានកំពុងរៀបចំ និង ពង្រឹង ការងារផ្តល់សេវាទាក់ទងទៅនឹងការថែទាំសុខភាពបឋម ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ក្នុងការផ្តល់សេវា អប់រំសុខភាព ដើម្បីការពារបញ្ហាជំងឺមិនឆ្លង ជាពិសេសជំងឺដំដោះ ដោយស្រ្តីគួរតែត្រូវចេះស្ទាបដោះខ្លួនឯង កាលណាបើសង្ស័យត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាពដែលនៅជិតបំផុត ជាពិសេស ស្រ្តីគ្រប់រូបត្រូវជំនះឲ្យបាននូវភាពអៀនខ្មាស់ ដែលជាកត្តាធ្វើឲ្យរោគសញ្ញាកាន់តែវិវត្តន៍ធំឡើង៕