(ត្បូងឃ្មុំ)៖ អភិបាលរងខេត្តត្បូងឃ្មុំ ចំនួន០៨រូប និងនាយករដ្ឋបាលសាលាខេត្ត ចំនួន០១ រូប ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំង០៩មណ្ឌល ស្ថិតនៅក្នុងក្រុងសួង និងស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសកាត់បើកវិញ្ញាសារ ថ្នាក់ដឹកនាំខេត្តតត្បូងឃ្មុំ បានមានប្រសាសន៍សួរសុខទុក្ខ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឲ្យមានស្មារតីរឹងមាំឡើងក្នុងការប្រឡងនេះ កុំភ័យ ពិនិត្យវិញ្ញាសារឲ្យបានច្បាស់លាស់ ហូបចុកប្រយ័ត្នប្រយ៉ែង ដើម្បីសុខភាពយើងល្អ សម្រាកឲ្យបានគ្រប់គ្រាន់ ថ្ងៃនេះជាឱកាសមាសរបស់យើងទាំងអស់គ្នា រៀនរយៈពេល១២ឆ្នាំហើយ ចំណេះដឹងជាលទ្ធផលវាបានបញ្ជាក់នូវថ្ងៃនេះ ចេះគឺជាប់ ។

ថ្នាក់ដឹកនាំខេត្ត បានបញ្ជាក់ទៀតថា បើប្អូនៗប្រឡងជាប់និទ្ទេស A សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនកុំព្យូទ័រ១គ្រឿង ជាលើកទឹកចិត្តក្នុងការប្រឡងនេះ តាមរយៈលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តដោយផ្ទាល់តែម្តង។

ខណៈថ្លៃស្នាក់នៅ និងការផ្ញើកង់ម៉ូតូ លោកបណ្ឌិត អភិបាលខេត្ត ក៏បានរ៉ាប់រង ផ្តល់ជូនប្អូនៗក្មួយៗ ដោយឥតគិតថ្លៃផងដែរ។

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦-៧ ខែវិច្ឆិកា ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ បេក្ខជនមានឈ្មោះក្នុងបញ្ជីប្រឡងសរុប ៥,៥៦៥នាក់ ក្នុងនោះ ស្រី ៣,១៤៣នាក់ មាន០៩មណ្ឌុល និងមាន២២៤បន្ទប់។ មានបេក្ខជនចំណេះទូទៅសរុប ៤,៨២៧នាក់ ស្រី ២,៧៧៩នាក់ និងបេក្ខជនស្វៃរិនចំណេះទូទៅសរុប ៦៥០នាក់ ស្រី ៣៣១នាក់ , បេក្ខជនបំពេញវិជ្ជាសរុប ៧៤នាក់ ស្រី២៩នាក់៕