(ព្រះសីហនុ)៖ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល បានលើកឡើងថា ការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័នកងទ័ព និងស្ថាប័នស៊ីវិល បានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងពង្រឹងសាមគ្គីប្រជាជាតិទាំងមូល។
ការលើកឡើងបែបនេះ របស់លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានធ្វើឡើងក្នុងកម្មពិធីបើកសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៣ «សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិដើម្បីសន្តិភាព» នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ពិធីនេះបានធ្វើឡើងក្រោមអធិតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងចូលរួមពិភាក្សាពីតំណាងអង្គភាព ស្ថប័នស៊ីវិល ដែលជាដៃគូសម្ព័នមេត្រីភាពចំនួន៧ស្ថាប័ន អង្គភាព និងក្រុមហ៊ុនចំនួន៣ នាយទាហាន នាយទាហានរង ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ទូទាំងកងយោធពលខេមរភូមិន្ទសរុបចំនួន៥៥០នាក់។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៣ ក្រោមប្រធានបទ «សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិដើម្បីសន្តិភាព និងអភិវឌ្ឍន៍» សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងដើម្បីបន្តលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព និងជំរុញឱ្យបន្តប្រពៃណីសិល្បៈនៃការចែករំលែក ជួយគ្នាទៅវិញទៅមកឱ្យបានសកម្មថែមទៀត និងដើម្បីពង្រឹង ពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព តម្រង់ទិសនិងបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពទៅបម្រើទឱ្យស្សនវិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អាគារ លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោកស្រីនាយឧត្តមសេនីយ៍បានបន្តថា ដៃគូរសម្ព័ន្ធមេត្រីភាពដែលមានស្រាប់ សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍, បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់យោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។ សិក្ខាសាលាក៏បានធ្វើការដកពិសោធន៍ ពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយផងដែរនូវអ្វីដែលយើងបានអនុវត្តនាពេលកន្លងមក អ្វីដែលអនុវត្តមិនទាន់បាន បទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ និងតម្រង់ទិសឱ្យចំគោលដៅ ភារកិច្ចដែលយើងចង់បាន ពោលគឺជំរុញដល់វឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាពរបស់យើងនាពេលខាងមុខឱ្យកាប់តែល្អប្រសើរបន្ថែមទៀត។
ក្នុងអង្គពិធីក៏មាន វាគ្មិន ចូលរួមចូលរួមពិភាក្សា កសាងយុទ្ធសាស្ត្រការពារជាតិ ការអភិវឌ្ឍ និងបណ្តុះបណ្តាលធនធានមនុស្ស រួមមានទី១៖ លោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ២៖ លោក ឆ លីឌីន អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការទូទៅ ក្រសួងរ៉ែ និងថាមពល, ៣៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៤៖ លោក វ៉ែន គៀហាក់ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវានុវត្តន៍, ៥៖ លោក នុត ច័ន្ទ សុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៦៖ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ, ៧. លោកស្រី ម៉ី នារីនេត អភិបាលរងខេត្តកោះកុង និងទី៨៖ ឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត។
សិក្ខាសាលាបានរិះរកលើកគោលដៅ និងវិធីសាស្ត្រនានា ដើម្បីជំរុញឱ្យការងារនេះកាន់តែទទួលបានទិន្នផល និងប្រសិទ្ធភាពខ្ពស់សំដៅកសាងពង្រឹងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំ។ សិក្ខាសាលាបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ ពង្រីកកិច្ចសន្ទនាជាពិសេសពង្រឹងនូវទំនុកចិត្ត និងការផ្សាភ្ជាប់នូវទំនាក់ទំនងកាន់តែជិតស្និតរវាងបណ្តាស្ថាសប័ន កងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ដៃគូក្នុងសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ «ខឿនការពារជាតិរបស់ប្រជាជន» ដើម្បីជាគុណប្រយោជន៍កសាង និងពង្រឹងប្រៀបបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិដោយស្មារតីមោទនភាពជាតិ។
នាយឧត្តមសេនីយ៍ ដាំ ដារីនី បានបន្តថា ការងារសម្ព័ន្ធមេត្រីភាពត្រូវបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងបង្កើតប្រពៃណីល្អផូរផង់លើកកម្ពស់ «សិល្បៈនៃការចែករំលែក» បង្កលក្ខណៈឱ្យបណ្តាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានា ក្នុងគោលបំណងរួមចំណែកយ៉ាងសកម្មក្នុងការកសាងនិងពង្រឹងសាមគ្គីប្រជាជាតិទាំងមូល។ នាពេលបច្ចុប្បន្នតែងតែទទួលបានការគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។
គូសបញ្ជាក់ថា ពិធីបិទសិក្ខាសាលានឹងធ្វើឡើងនៅល្ងាចថ្ងៃដដែលក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ៕