(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្ដិការ លើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការចែករំលែកចំណេះដឹង»

ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងមានការចូលរួម ជាអធិបតីភាព និងជាសក្សីភាពដ៏ខ្ពង់ខ្ពស់ពីប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផ្សព្វផ្សាយពីច្បាប់ និងបទប្បញ្ញត្តិឲ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់កិច្ចសហការ ចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច ទៅដល់សមាជិក-សមាជិកា នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក សុខ ដារ៉ា បានលើកឡើងថា ការចុះអនុស្សារណៈ នៃការយោគយល់គ្នានេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត នៅក្នុងកិច្ចដំណើរការអភវិឌ្ឍន៍ វិស័យបរធនបាលកិច្ច នៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ នៃការអភិវឌ្ឍន៍វិស័យច្បាប់ នៅប្រទេសកម្ពុជា។

លោក សុខ ដារ៉ា បានគូសបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ផ្ដោតលើសកម្មភាពចម្បងចំនួន៣៖

ទី១៖ ការផ្សព្វផ្សាយ និងការលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីច្បាប់ និងបទបញ្ញត្ដិ ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច

ទី២៖ ការចូលរួមសហការគ្នា ក្នុងការរៀបចំកម្មវិធី ពាក់ព័ន្ធនឹងសិក្ខាសាលា និងកម្មវិធីជជែកពិភាក្សា ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ច នៅក្នុងប្រទេសកម្ពុជា

ទី៣៖ ជាការចូលរួមចំណែកសហការគ្នា លើការសិក្សាស្រាវជ្រាវ អំពីទិដ្ឋភាពច្បាប់ និងឧត្ដមមានុវត្ដពាក់ព័ន្ធ នៅក្នុងវិស័យបរធនបាលកិច្ច រវាងនិយ័តករបរធនបាលកិច្ច និងគណៈមេធាវីកម្ពុជា។

ទន្ទឹមគ្នានេះ លោក លី ច័ន្ទតុលា បានឲ្យដឹងថា ការបង្កើតកិច្ចសហប្រតិបត្ដិការជាផ្លូវការ រវាងស្ថាប័នទាំងពីរនេះ ជាយុទ្ធសាស្ដ្រមួយដ៏សំខាន់ ក្នុងការជំរុញវិស័យបរធនបាលកិច្ច ឲ្យកាន់តែវីកចម្រើន ថែមមួយកម្រិតទៀត។

លោក លី ច័ន្ទតុលា បានលើកឡើងថា មេធាវី គឺជាតួអង្គមួយដ៏សំខាន់ ដែលផ្ដល់នូវការប្រឹក្សាយោបល់ផ្នែកច្បាប់ ក្នុងការតំណាង និងតាក់តែងលិខិតគតិយុត្តដល់វិនិយោគិន និងធុរជនទាំងជាតិ និងអន្ដរជាតិ នៅក្នុងការប្រកបរបរវិជ្ជាជីវៈរបស់មេធាវី៕