(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក លូវ ឈីនជៀន (Lou Qinjian) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបេ្តជ្ញារួមគ្នានៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ មិត្តភាពដែកថែប កម្ពុជា-ចិន ជាពិសេសការឈានទៅសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានស្តង់ដារខ្ពស់ មានលក្ខណៈយុទ្ធសាស្ត្រ ភាពជឿជាក់ ទុកចិត្តគ្នា និងយូរអង្វែង ស្របតាមកិច្ចព្រមព្រៀងថ្នាក់ដឹកនាំប្រទេសទាំងពីរបានដាក់ចេញ។
លោកលូវ ឈីនជៀន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចរបស់ លោក លូវ ឈីនជៀន និងសហការីនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកនូវចំណងមិត្តភាព (មិត្តភាពដែកថែប) សាមគ្គីភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ហើយមិត្តភាពដែកថែបនេះវាមិនមែនជាការចៃដន្យកើតឡើងនោះទេ គឺមានការត្រួសត្រាយផ្លូវដោយ «ព្រះបរមរតនកោដ្ឋ» និងដែលបានក្លាយជាកិច្ចសហប្រតិបត្តិការ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» ដែលកាន់តែមានភាពរឹងមាំ និងល្អប្រសើរថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមចំណែកគាំទ្រ និងឧបត្ថម្ភ ដ៏សំខាន់នៅក្នុងការអភិវឌ្ឍកម្ពុជា។ សមិទ្ធផលជាច្រើនមានដូច ស្ពាន ថ្នល់ ផ្លូវល្បឿនលឿន អាកាសយានដ្ឋានជាដើម ដែលគម្រោងខ្លះបានបញ្ចប់ការសាងសង់ និងគម្រោងខ្លះកំពុងអនុវត្ត បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍនៅកម្ពុជា និងបានលើកកម្ពស់សេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ជាចំណងមិត្តភាពគំរូមួយ ដែលចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ច មានពលរដ្ឋជាង១,៤០០លាននាក់ បានចងសម្ព័ន្ធភាពជាមួយកម្ពុជា ដែលមានពលរដ្ឋប្រមាណ ១៧លាននាក់។ ចំណងមិត្តភាពនេះ មានភាពស្មោះត្រង់ ជឿជាក់ គោរពគ្នាទៅវិញទៅមក គោរពអធិបតេយ្យភាព និងឯករាជ្យភាព ព្រមទាំងបានផ្តល់ផលប្រយោជន៍ជូនប្រទេសជាតិ និងពលរដ្ឋទាំងសងខាង។
«ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ខ្ញុំចង់ឃើញវឌ្ឍនភាពបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសក្នុងការពង្រឹងគុណភាពនិងសុចរិតភាពនៃគម្រោង BRI និងការជួយសម្រួលដល់ការបន្តរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗដូចជា ឧស្សាហកម្ម កសិកម្ម ការវិនិយោគ និងវប្បធម៌នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ នេះជាប្រសាសន៍របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងនៅក្នុងជំនួបសម្តែងការគួរសមនោះ។ គួរជម្រាបផងដែរថា កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តថ្មីមួយទៀត រវាងកម្ពុជា និងចិន ឆ្ពោះទៅការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរក្នុងកម្រិតថ្មីមួយទៀត។
លោក លូវ ឈីនជៀន បានចូលរួមអបអរសាទរលទ្ធផលបោះឆ្នោតជាសកលនៅកម្ពុជា កាលពីខែកក្កដាកន្លងមកនេះ និងកោតសរសើរជូនចំពោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលត្រូវបានរេដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា។ ប្រធានគណៈប្រតិភូបានគូសបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី រដ្ឋសភាកម្ពុជានឹងសម្រេចបាននូវជោគជ័យធំៗជាច្រើនទៀតជូនជាតិ និងប្រជាជន។
លោកបានជម្រាបជូន សម្តេចប្រធានរដ្ឋសភាពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ដើម្បីចូលរួមលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជាចិន ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិឱ្យបានកាន់តែរឹងមាំឡើងស្របតាមកិច្ចព្រមព្រៀងរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន និងជាអគ្គលេខាបក្សកុម្មុយនីស្តចិន រួមនិងលោក ចាវ លិជិ (ZHAO Leji) ប្រធានសភាប្រជាជនចិនទូទាំងប្រទេស នាពេលកន្លងមក។
ក្រៅពីការសន្យាថានឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជានៅលើវិស័យទេសចរណ៍ ការវិនិយោគ វប្បធម៌ ជាពិសេសទំនាក់ទំនងប្រជាជន និងប្រជាជន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី តាមរយៈលោក លូ ឈីនជៀន បានសំណូមពរជូនដល់ សភាប្រជាជនចិនទូទាំងប្រទេស នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយផងដែរ ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទស្សនកិច្ចនៅគ្រប់កម្រិតទាំងក្នុងកម្រិតគណៈកម្មការ ក្រុមមិត្តភាព និងកម្រិតអគ្គលេខាធិការដ្ឋានជាដើម។
ក្នុងនោះ សម្តេចរដ្ឋសភាធិបតី បានស្នើភាគីចិនជួយគាំទ្រនិងបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់មន្រ្តីអគ្គលេខាធិការដ្ឋាន ដើម្បីរដ្ឋសភាអាចសម្រេចបាននូវចក្ខុវិស័យនៅក្នុងការប្រែក្លាយរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ស្របតាមសម័យបច្ចេកវិទ្យា និងបង្កើនប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនតំណាងរាស្រ្ត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់មិត្តចិន ដែលបាននឹងតែងតែយកចិត្តទុកដាក់ ថែទាំព្រះរាជសុខភាពព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងហ្លួងម៉ែ ថ្វាយជូនសម្តេចទាំងទ្វេរ ដើម្បីគង់ជាម្លប់ដល់កូនចៅរបស់ព្រះអង្គនៅទូទាំងប្រទេស៕