(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តំណាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ទិសយោធភូមិភាគទី៣ ក្រោមប្រធានបទ «សម្ព័ន្ធមេត្រីភាពរួមចំណែកការពារជាតិ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍»។
សិក្ខាសាលានេះ បានប្រព្រឹត្តិធ្វើឡើងនៅសាលប្រជុំ នៃសណ្ឋាគារសុខា ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន អង្គភាពស៊ីវិល អភិបាលអភិបាលរាជធានី ខេត្ត អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជនដៃគូសម្ព័ន្ធមេត្រីភាព នានា និងនាយទាហាន នាយទាហានរងចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ទូទាំងកងយោធពលខេមរភូមិន្ទចូលរួមប្រមាណ៥៥០នាក់ ក្រោមការរៀបចំដោយក្រុមការងារសម្របសម្រួលការងារសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលដែលដឹកនាំដោយលោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ។
ការរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងដើម្បីបន្តលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព និងជំរុញឱ្យបន្តប្រពៃណីសិល្បៈនៃការចែករំលែក ជួយគ្នាទៅវិញទៅមក ឱ្យបានសកម្មថែមទៀត និងដើម្បីពង្រឹងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព តម្រង់ទិស និងបង្វែរទិសមួយផ្នែក នៃជំនួយសម្ព័ន្ធមេត្រីភាព ទៅបម្រើទឱ្យទស្សនវិស័យយូរអង្វែងដូចជា៖ ការស្ថាបនាសំណង់អគារ លេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា រួមគ្នាជាមួយដៃគូរសម្ព័ន្ធមេត្រីភាពដែលមានស្រាប់សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍន៍ ដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍, បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដល់យោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។
របាយការណ៍របស់ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធនៅភូមិភាគទី៣ បានលើកមកបញ្ជាក់ហើយថាការងារសម្ព័ន្ធមេត្រីភាពនេះ ត្រូវបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណងបង្កើតប្រពៃណីល្អផូរផង់លើកកម្ពស់ «សិល្បៈនៃការចែករំលែក» បង្កលក្ខណៈឱ្យបណ្តាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ពិសេសអង្គភាពយោធភូមិភាគទី៣ និងអង្គភាពចំណុះចងសម្ព័ន្ធមេត្រីភាពជាមួយស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជននានាក្នុងគោលបំណងរួមចំណែកយ៉ាងសកម្មដល់ការកសាង និងពង្រឹងសាមគ្គីប្រជាជាតិទាំងមូល។
ការងារនេះបានដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ក៏នៅតែទទួលបានការគិតគូរយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមេបញ្ជាការ មេបញ្ជាការរង នាយទាហាន សមាជិក សមាជិការនៃអង្គសិក្ខាសាលាទាំងអស់ ពិសេសក្រុមការងារសម្របសម្រួលការងារសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ដែលដឹកនាំដោយលោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ដែលបានយកចិត្តទុកដាក់ខិតខំបំពេញការងារដ៏មមារញឹកក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែ សម្រេចបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏វាយតម្លៃខ្ពស់ចំពោះតំណាងស្ថាប័ន អង្គភាពស៊ីវិល និងវិស័យឯកជន សប្បុរសជននានា ជាដៃគូសម្ព័ន្ធមេត្រីភាពទាំងអស់ ដែលជានិច្ចកាលនៅតែបន្តយកចិត្តទុកដាក់ ចូលរួមសហការជួយឧបត្ថម្ភ ដល់កងយោធពលខេមរភូមិន្ទ បង្ហាញឱ្យឃើញពីការសាមគ្គីជាតិដ៏រឹងមាំ ក្រោមពាក្យស្លោក «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាមានអាសន្ន»។
នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា សិក្ខាសាលាដកពិសោធន៍ រយៈពេលមួយថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្រ្តនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងស្ថានភាពលំបាកចំពោះមុខនៅពេលដែលប្រទេសជាតិ ជួបប្រទះនូវព្រឹត្តិការណ៍ដ៏លំបាកខាងលើនេះ ស្មារតីមហាសាមគ្គីជាតិ បានកើតឡើងយ៉ាងសកម្មផុលផុសក្រោមចក្ខុវិស័យគតិបណ្ឌិតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងក្រោមការយកចិត្តទុកដាក់ចង្អុរបង្ហាញពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត ដ៏គួរឱ្យស្ងប់ស្ងែងនោះ គឺវប្បធម៌ចែករំលែកពីស្ថាប័នរដ្ឋ ទៅឯកជន ពីដៃគូអភិវឌ្ឍនិងអង្គការ សមាគមក្រៅរដ្ឋាភិបាល ទៅឱ្យប្រជាជន ពីអ្នកមានធន់ធាន សប្បុរសជនទៅឱ្យសង្គមជាតិ និងពលរដ្ឋដែលងាយរងគ្រោះនៅតាមមូលដ្ឋាន។