Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការឃុំខ្លួនឈ្មោះ ផុន ភក្តី ដែលបាញ់សម្លាប់ប្អូន ខៀវ សុខារ៉ាវី ខណៈប្អូននាង​ ២នាក់ ត្រូវឃុំខ្លួនដោយសារកាន់អាវុធខុសច្បាប់ (Video Inside)

17-08-2016 15:54

(ភ្នំពេញ)៖ រហូតដល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនដៃដល់ឈ្មោះ ផុន ភក្តី ជុំវិញករណីបាញ់សម្លាប់ប្អូន របស់អ្នកនាង ខៀវ សុខារ៉ាវី នៅក្នុងស្តាម៉ាតមួយកន្លែងក្បែរផ្សាររាត្រី។ ជាមួយគ្នានេះ សម្រាប់ប្អូនប្រុសម្នាក់ទៀតរបស់ អ្នកនាង ខៀវ សុខារ៉ាវី និងបក្ខពួកម្នាក់ទៀត ដែលមានទំនាស់ ជាមួយនឹងជនដៃដល់ ក៏ត្រូវបានតុលាការឃុំខ្លួនផងដែរ ក្រោមការចោទប្រកាន់ពីបទហិង្សា និងប្រើប្រាស់អាវុធខុសច្បាប់។

បុរសឈ្មោះ ផុន ភក្តី (ជនសង្ស័យ) ព្រមទាំងប្អូនខៀវសុខារ៉ាវី ឈ្មោះ ខៀវ ថនវ៉ាន់ឌី និង ឈ្មោះ និន រិន ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញម្តងទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីឱ្យព្រះរាជអាជ្ញាធ្វើការសាកសួរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា «ក្រោយពីបញ្ចប់ការសួរចម្លើយ និងពិភាក្សាដេញដោលចំពោះមុខរួចមក លោក ជួន សុរាសី បានសម្រេចឃុំខ្លួន បណ្តោះអាសន្នលើឈ្មោះ ផុន ភក្តី ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ ឈ្មោះ ខៀវ ថនវ៉ាន់ឌី និងឈ្មោះ និន រិន ហៅ អ៊ូក ពីបទ ហឹង្សាដោយចេតនា និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាតិ តាមមាត្រា ២១៧ និង ៤៩០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូន ទៅពន្ធនាគារដើម្បីអនុវត្តតាមនីតិវិធី»

សូមជំរាបថា កាលពីម៉ោងជាង៩យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ មានករណីហិង្សារហូតដល់ផ្ទុះអាវុធ ស្លាប់យុវជនម្នាក់នៅក្នុងហាងមីនីម៉ាត ផ្ទះលេខ165Eo ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ក្បែរផ្សារាត្រី ដែលគេអះអាងថា ជាបងប្អូនរបស់ អតីតតារាសម្តែង ខៀវ សុខារ៉ាវី។ ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ ដែលត្រូវបានគេអះអាងថា បានរងគ្រោះដោយសារតែការចូល ទៅឃាត់កុំឱ្យមានជម្លោះរវាងក្រុមទាំងពីរ៕