(ឧត្តរមានជ័យ)៖ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ អញ្ជើញបើកវិញ្ញាសារការប្រឡងបាក់ឌុប នៅវិទ្យាល័យតេជោ សែន សំរោង ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សានៅខេត្តឧត្តរមានជ័យនាព្រឹកនេះ មានសកម្មភាពត្រួតពិនិត្យយ៉ាងតឹងរឹង ដោយធ្វើការឆែកប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារហាមឃាត់ផ្សេងៗ ពីបេក្ខជន ដោយគណៈកម្មការអនុរក្ស មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។

ជាមួយនឹងការចាក់សោរហិប នឹងធ្វើការកាត់វិញ្ញាសារដើម្បីប្រឡង លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានធ្វើការណែនាំនិងលើកទឹកចិត្តដល់បេក្ខជន បេក្ខនារី ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ពោលសូមកុំមានការភិតភ័យឱ្យសោះ ដើម្បីទទួលបានជោគជ័យជូនក្រុមគ្រួសារ ក៏ដូចជាដើម្បីខ្លួនឯង និងដើម្បីសង្គមជាតិ។

ក្នុងនោះខេត្តឧត្ដរមានជ័យ មាន០៣មណ្ឌល តែពីរទីតាំងគឺ៖១.មណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន ឧត្ដរមានជ័យ(ខាងត្បូង) មាន១២បន្ទប់ បេក្ខជនសរុប ២៨២នាក់, ២.មណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន ឧត្ដរមានជ័យ(ខាងជើង)មាន២៦បន្ទប់ បេក្ខជនសរុប ៦៤០ នាក់,៣.មណ្ឌលប្រឡងវិទ្យាល័យតេជោ សែន សំរោង មាន៣៤បន្ទប់ បេក្ខជនសរុប ៨៥០ នាក់។ សរុប ០៣ មណ្ឌល មាន៧២ បន្ទប់ បេក្ខជនសរុប១៧៧២ នាក់ ស្រី៩៣៨ នាក់។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ នៅទូទាំងប្រទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧,៤១២នាក់ (ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១,៣៧៩នាក់ (ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)៕