(ភ្នំពេញ)៖ អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ពិតជាបានបង្ហាញនូវកិត្យានុភាពនៃសិល្បស្ថាបត្យកម្មខ្មែរ ប្រជាប្រុសស្រីលាន់មាត់សរសើរគ្រប់គ្នា! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកអគារថ្មីខ្ពស់ស្កឹមស្កៃ ក្បូរក្បាច់រស់រវើក ស្រស់ស្អាតមួយនេះ ជាមរតកដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខណៈដែលយើងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្ដីការក្រសួងមហាផ្ទៃនេះ យើងក៏មិនអាចបំភ្លេចបានផងដែរនូវសមិទ្ធផល ស្នាដៃ ​និងមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការគាំទ្រពេញទំហឹងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា»

សម្ដេចធិបតីបានបន្តថា សំណង់ស្ថាបត្យកម្ម ហេដ្ឋារចនាសម្ពន្ធ សមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងការពង្រឹងវិស័យសន្តិសុខជាតិ និងសេវាសាធារណៈគ្រប់ច្រកល្ហក គឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ បន្តអនុវត្ត បន្តការពារ និងពង្រីកការកសាងបន្តទៅមុខទៀត ដើម្បីបម្រើជូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានជំរុញណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃគ្រប់ៗរូបគប្បីដឹងគុណ និងចងចាំជានិច្ចនូវគុណូបក្ការរបស់ថ្នាក់ដឹកនាំជំនាន់មុន ពិសេសសូមតបស្នងសងគុណដោយការតាំងចិត្តបម្រើប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។

សូមជម្រាបថា អគារថ្មីនៅទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃនេះ ត្រូវបានផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង កាលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជានីតិកាលទី៦។ អគារនេះដែរបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ៥.៧ហិកតា ខណៈសំណង់អគារមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ និងមានកម្ពស់៩ជាន់៕