(សៀមរាប)៖ ជាមួយនឹងការងើបឡើងវិញបន្តិចម្តងៗ នៃសេដ្ឋកិច្ចបន្ទាប់ពីការរីករាលដាលជំងឺកូវីដ១៩ វិស័យនីមួយៗបានចាប់ផ្តើមងើបឡើងវិញនិងជំរុញកំណើនសេដ្ឋកិច្ច។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា សមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន និងសមាគមទីភ្នាក់ងារទេសចរណ៍ Changsha ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្របខណ្ឌមួយនៅខេត្តសៀមរាប ប្រទេសកម្ពុជា។

លោកស្រី Wu Guiying លេខាធិការគណៈកម្មាធិការបក្សក្រុង Changsha បានដឹកនាំគណៈប្រតិភូទៅទស្សនាខេត្តសៀមរាប និងផ្សព្វផ្សាយទេសចរណ៍ Changsha នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅសណ្ឋាគារ Sofitel សៀមរាប ដែលជាការចាប់ផ្តើមដំបូងបង្អស់ក្នុងការពង្រីកទីផ្សារទេសចរណ៍ក្រៅប្រទេសរបស់ Changsha ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។

ពិធីនេះបានធ្វើឡើងដោយមានការចូលរួមពីលោក ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា, លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំកម្ពុជា លោក Wu Guanghua ប្រធានសមាគមពាណិជ្ជកម្មខេត្ត Hunan នៅកម្ពុជា, លោក Wu Changda អនុប្រធានសាខាខេត្តព្រះសីហនុនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក Cui Hanyu នាយកប្រតិបត្តិនៃក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Zhiyuan នៅកម្ពុជា និងថ្នាក់ដឹកនាំវិស័យទេសចរណ៍ផ្សេងទៀតបានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

តាមរយៈការចុះហត្ថលេខានេះ វានឹងជំរុញឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ទ្វេភាគីប្រកបដោយប្រសិទ្ធភាព ព្រមទាំងបង្កើតលក្ខខណ្ឌដ៏ល្អសម្រាប់ជំរុញភ្ញៀវទេសចរខេត្ត Hunan កាន់តែច្រើនឱ្យធ្វើដំណើរមកកម្ពុជា ទន្ទឹមនឹងនោះ វាក៏នឹងបង្កើតឱកាសថ្មីសន្លាងសម្រាប់កិច្ចសហប្រតិបត្តិការពហុចំណុចក្នុងឧស្សាហកម្មទេសចរណ៍រវាងកម្ពុជា និងចិន។

លោក ប្រាក់ ផាន់ណារ៉ា បានសម្តែងនូវក្តីរំពឹងទុកចំពោះទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យទេសចរណ៍ និងបានផ្តល់នូវការរំពឹងទុក និងការវាយតម្លៃវិជ្ជមានចំពោះលទ្ធផលជាផ្លែផ្កា ដ៏ធំធេងដែលប្រសូត្រចេញពីកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។

លោកបានថ្លែងថា៖ «ប្រទេសចិនគឺជាប្រភពទេសចរណ៍ដ៏ធំបំផុតរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យទេសចរណ៍ជាមួយតំបន់ផ្សេងៗនៃប្រទេសចិន គឺជាកិច្ចការដែលក្រសួងទេសចរណ៍កម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង»

លោកស្រី Wu Guiying បានគូសបញ្ជាក់នៅក្នុងវេទិកាផ្សព្វផ្សាយថា វេទិកាផ្សព្វផ្សាយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការក្រៅស្រុកនៃឧស្សាហកម្មទេសចរណ៍ Changsha តាមរយៈការផ្សព្វផ្សាយនិងផ្លាស់ប្តូរនេះ វានឹងជំរុញទំនាក់ទំនងឧស្សាហកម្ម ទស្សនកិច្ចទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរវាងទីក្រុង Changsha និងប្រទេសកម្ពុជា ហើយជំរុញនិងលើកទឹកចិត្តដល់ភ្ញៀវទេសចរ Changsha កាន់តែច្រើនមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពទាក់ទាញនៃវប្បធម៌ល្អឯករបស់ប្រទេសកម្ពុជា។

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការក្របខណ្ឌដែលបានចុះហត្ថលេខារវាងសមាគមជំរុញឧស្សាហកម្មវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ជាមួយសមាគមទីភ្នាក់ងារទេសចរណ៍ Changsha ភាគីទាំងពីរនឹងរួមគ្នាជំរុញ កិច្ចសហប្រតិបត្តិការលើការចែករំលែកធនធានទេសចរណ៍ ការច្នៃប្រឌិតផលិតផលទេសចរណ៍ ការលើកកម្ពស់ភ្ញៀវទេសចរទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស និងប្រតិបត្តិការទីផ្សារ។ កិច្ចព្រមព្រៀងនេះគឺមានសារសំខាន់យ៉ាងទូលំទូលាយសម្រាប់ការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងទីក្រុង Changsha និងកម្ពុជា។ វាមិនត្រឹមតែបង្ហាញពីការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅក្នុងឧស្សាហកម្មទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវេទិកាទំនាក់ទំនង និងបណ្តាញកិច្ចសហប្រតិបត្តិការសម្រាប់អ្នកប្រកបរបរទេសចរណ៍នៃតំបន់ទាំងពីរផងដែរ។

ក្នុងបរិបទទីផ្សារនៃការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសឱកាសអភិវឌ្ឍដ៏ល្អសម្រាប់ឧស្សាហកម្មទេសចរណ៍ ការចុះហត្ថលេខានិងការបង្កើតទំនាក់ទំនងរវាងកម្ពុជានិង Changsha មិនត្រឹមតែជំរុញការអភិវឌ្ឍរួមគ្នានៃឧស្សាហកម្មទេសចរណ៍ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចង្អុលបង្ហាញទិសដៅដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងតំបន់នានារបស់ប្រទេសចិនផងដែរ។ សេដ្ឋកិច្ចទេសចរណ៍ក្នុងតំបន់នានានៃប្រទេសចិនចាំបាច់ត្រូវបើកបន្ថែមទៀតដើម្បីស្វែងរករបកគំហើញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ហើយការបង្កើតនូវស្ថានភាពកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងគោលដៅនាំចេញភ្ញៀវទេសចរនានា ក៏ជាលក្ខខណ្ឌចាំបាច់សម្រាប់ជំរុញឧស្សាហកម្មទេសចរណ៍កម្ពុជាឱ្យសម្រេចបាននូវកំណើនក្នុងទ្រង់ទ្រាយធំផងដែរ៕