(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យក្រសួង-ស្ថាប័ន ចូលរួមពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិ ដើម្បីត្រៀមលក្ខណៈ ក្នុងពេលដែលរាជរដ្ឋាភិបាល ប្រគល់ភារកិច្ចឲ្យអនុវត្ដ។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្តីការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលថ្នាក់ជាតិ ភារកិច្ចសម្រាប់បាញ់ឆ្ពោះទៅមូលដ្ឋាន គឺពង្រឹងសមត្ថភាព និងការត្រៀមលក្ខណៈ របស់ក្រោមជាតិ ដើម្បីយើងផ្ទេរសិទ្ធិ ជាបន្ដបន្ទាប់»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលខាងមុខ រាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាព នៅក្នុងការបង្កើនសិទ្ធ និងលទ្ធភាព របស់រាជធានី-ខេត្ដ ក្នុងការទាក់ទាញ និងការសម្រេច ទៅលើកិច្ចការវិនិយោគមួយចំនួន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានផ្ដល់សិទ្ធឲ្យខេត្ដ នូវគម្រោងវិនិយោគ ដែលមានចំនួន៥លានដុល្លារអាមេរិក ចុះក្រោម។

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់អភិបាលខេត្ដទាំងអស់ ត្រូវតែធានា និងរៀបចំខេត្ដរបស់ខ្លួន ឲ្យបានស្អាត ព្រោះថា ដើម្បីទទួលបានសិទ្ធពីរាជរដ្ឋាភិបាល លុះត្រាតែខេត្ដរបស់ខ្លួន មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការអនុវត្ដ៕