(បាត់ដំបង)៖ លោក NGUYEN THANH VAN អគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងទទួលបន្ទុកកិច្ចការកុងស៊ុលនៅខេត្តទាំង៧ នៃភាគពាយ័ព្យប្រទេសកម្ពុជា បានចូលសម្តែងការគួរសម និងជូនពរខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ ដល់ថា្នក់ដឹកនាំយោធភូមិភាគទី៥។

ក្នុងជំនួបនាចុងសប្ដាហ៍កន្លងទៅនេះ ស្ថានអគ្គកុងស៊ុលវៀតណាម បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងយោធភូមិភាគទី៥ និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលបានថែរក្សា ចំណងមិត្តភាព និងសហប្រតិបត្តិការគ្នាបានយ៉ាងល្អ និងជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៥ សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ និងទទួលបានជោគជ័យលើគ្រប់កិច្ចការ។

លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ដោយក្តីរីករាយ និងថ្លែងការកោតសរសើរចំពោះបេសកកម្មការទូត របស់ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ដែលកន្លងមកមានស្នាដៃ ក្នុងការទំនាក់ទំនងកិច្ចសហប្រតិបត្តិការបានល្អ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងយោធភូមិភាគទី៥ និងស្ពានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏ដូចជាបន្តការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) លើគ្រប់វិស័យផងដែរ៕