(ភ្នំពេញ)៖ បន្ទាប់ពីក្រុមតំណាងរាស្រ្តបក្សប្រឆាំងចូលរួមក្នុងគាំទ្រសកម្មភាព «ថ្ងៃចន្ទពណ៌ខ្មៅ» និងមានក្រុមសកម្មជនដីធ្លីមួយចំនួនលើក ទង់របស់អង្គការសហប្រជាតិក្នុងសកម្មភាព «ថ្ងៃចន្ទពណ៌ខ្មៅ» របស់ពួកគេផងនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទ បានថ្លែងទៅកាន់កងទ័ពថា កងទ័ពត្រូវតែទប់ស្កាត់ដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ថ្លែងទៅកាន់នាយទាហាន នៃអង្គភាពទីចាត់ការព័ត៌មានជិត ៣០០នាក់នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងប្រាប់កងទ័ពថា ត្រូវសាមគ្គីគ្នាជាធ្លុង និងឯកភាពរឹងមាំក្នុងជួរកងកម្លាំង ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេស ថែរក្សាសន្តិភាព ដែលបានមកដោយលំបាក។ នាយឧត្តមសេនីយ៍បន្តថា កងទ័ពត្រូវខិតខំប្រឹងប្រែងទ្វេឡើងថែមទៀត ដើម្បីថែបំប៉នជាប្រចាំនូវរាល់កត្តាសំខាន់ៗទាំងឡាយ ដែលជាឫសគល់ នៃសន្តិភាព។
លោកអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទបានថ្លែងថា «កងទ័ពក្តាប់ជាប់រាល់សភាពការណ៏ដែលកើតឡើងក្នុងសង្គម ហើយត្រូវទប់ស្កាត់ដាច់ខាត មិនឲ្យមានបដិវត្តពណ៌ណាមួយកើតឡើងនៅកម្ពុជានោះទេ។ មិនថាបដិវត្តពណ៌កើតចេញតាមរូបភាពណាទេ កម្លាំងប្រដាប់អាវុធយើងចាំបាច់ត្រូវធ្វើសកម្មភាព ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះ មហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទះរបស់ប្រជាពលរដ្ឋ»។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា ឆ្លងកាត់ប្រវត្តិសាស្រ្ត នៃរបត់នយោបាយ និងសង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជា គឺមិនបានផ្តល់ឱកាសឲ្យកម្ពុជា ដើម្បីធ្វើការអភិវឌ្ឍន៍ សង្គមជាតិឡើយ ផ្ទុយទៅវិញធ្វើឲ្យកម្ពុជា ស្គាល់តែការវិនាសព្រាត់ប្រាស់ បាត់បង់អាយុជីវិត សង្គមជាតិលិចលង់ស្ទើរសាបសូន្យ។
នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ បានរំលឹកថា អាស្រ័យដោយការបង្រួបបង្រួមជាតិ និងការបញ្ចប់ជាស្ថាពរនូវអង្គការចាត់តាំងរបស់ខ្មែរក្រហម ព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសន្តិភាព ទាំងស្រុង នាឆ្នាំ១៩៩៨។ លោកថានេះ ជាលើកដំបូងបង្អស់នៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដែលកម្ពុជា ដណ្តើមបានមកវិញនូវសន្តិភាព ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១៥ ខែសីហា កន្លងទៅនេះ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងនៅកម្ពុជា ដឹកនាំដោយលោក អេង ឆៃអ៊ាង បាននាំគ្នាដាក់ចេញ យុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ និងបានប្រកាសថា ពួកគេនឹងចាប់ផ្តើមចូលរួមសកម្មភាព «ថ្ងៃចន្ទពណ៌ខ្មៅ» ដោយធ្វើសកម្មភាពរៀងរាល់ថ្ងៃចន្ទ។
«ថ្ងៃចន្ទពណ៌ខ្មៅ» ត្រូវបានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិល កាលពីខែឧសភា ក្រោមហេតុផលធ្វើសកម្មភាពទាមទារឲ្យមានការដោះលែងមន្រ្តីអង្គការសិទ្ធិមនុស្សអាដហុក ៤នាក់ និងមន្រ្តីអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប ដែលត្រូវបានឃុំ ខ្លួន ដោយចោទប្រកាន់ពីបទសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងអាស្រូវផ្លូវភេទរបស់មេបក្សប្រឆាំង លោក កឹម សុខា និង ស្រី មុំ។
មកដល់ពេលនេះសកម្មជន ដែលធ្វើការតវ៉ាគ្រប់រឿងនៅក្នុងសង្គម គឺអ្នកស្រី ទេព វណ្ណី និងអ្នកស្រី ប៊ូវ សោភា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ភ្ជាប់ជាមួយការជីកកប់រូបត្លុក ជាពិសេសមានការលើកទង់របស់អង្គការ សហប្រជាជាតិយ៉ាងជ្រោងច្រាង៕