(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលលោក កែ សួនសុភាព សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ត្រូវបានតែងតាំងជាប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ ជំនួសលោក ប៉ោ វណ្ណាត។ ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានធ្វើការប្តេជ្ញាចិត្ត បំពេញភារកិច្ច និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុត ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចចិត្តនានាដែលថ្នាក់កណ្តាលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ អំពីការរីកលូតលាស់ និងអភិវឌ្ឍជាបន្តបន្ទាប់របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

លោកបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ដែលបានចូលរួមជាមួយស.ស.យ.ក. ក្នុងការបំពេញបេសសកម្មធ្វើកិច្ចការងារសង្គម និងកាងារស័្មគ្រចិត្តផងដែរ៕