(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាលោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានថ្លែងសារដាស់តឿនដល់សិស្សានុសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវជឿជាក់លើសមត្ថភាពខ្លួនឯង និងខិតខំឆ្លើយឲ្យបានគ្រប់សំណួរ។

លោក មួន វាសនា បានថ្លែងថា «ប្អូនៗ កូន ក្មួយៗសិស្សានុសិស្សជាទីស្រលាញ់រាប់អាន ក្នុងនាមជាប្រធានគណៈគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម លោកសូមជូនពរប្អូនៗ និងក្មួយៗ ដែលត្រូវប្រទ្បងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សូមធ្វើដំណើរទៅប្រឡងប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាប្រទ្បង ជាមួយភាពជឿជាក់សមត្ថភាព ខ្លួនឯង និងសូមខិតខំឆ្លើយឲ្យ បានគ្រប់សំណួរឲ្យអស់ពីសមត្ថភាពខ្លួនឯង ដោយចាប់ផ្តើមធ្វើពីសំណួរ ដែលខ្លួនចេះៗមុន និងពេលធ្វើហើយ ត្រូវពិនិត្យក្រដាស់កិច្ចការខ្លួនឯងឲ្យបានហ្មត់ចត់ និងប្រគល់ជូនតាមពេលវេលាកំណត់។

លោកបន្ដថា លទ្ធផលនៃការសិក្សាដែលប្អូនៗ កូនក្មួយ បានប្រឹងប្រែងរៀនសូត្រ និងការប្រឡងពេលនេះ គឺជាសក្ខីភាព និងចេញជាលទ្ធផល នៃចំណេះដឹងទូទៅដែលប្អូនៗ ក្មួយៗ សម្រេចបានបន្ទាប់ពីការលះបង់ពេលវេលា ព្យាយាមរៀនសូត្រកន្លងមក។

សេចក្តីព្យាយាម និងកិច្ចខិតខំប្រឹងប្រែងដ៏លំបាកជាច្រើនឆ្នាំកន្លងមកនេះ បានបំពាក់បំប៉នសមត្ថភាពជាកម្លាំងកាយកម្លាំងចិត្ត គំនិតប្រាជ្ញា ខួរក្បាល បេះដូង និងជំនាញភាពប៉ិនប្រសប់ប្រកបដោយ គំនិតឆ្នៃប្រឌិត ដែលកើតចេញពីការសិក្សា គឺជាធនធានបញ្ញាដ៏ចាំបាច់មិនអាចខ្វះបាន ដើម្បីធានានិរន្តភាពនៃការសិក្សា ដើម្បីចូលរួមការអភិវឌ្ឍន៍សុខសន្តិភាព បូរណភាពទឹកដី និងភាពសម្បូររុងរឿង នៃប្រទេសជាតិនាពេលអនាគត។

លោក មួន វាសនា បន្តថា ពេលដែលប្រឡងហើយ លោកសូមលើកទឹកចិត្តសម្លឹងមើល ឱកាស ជ្រើសរើសជំនាញណាមួយដែលខ្លួនពេញចិត្តចូលរៀនថ្នាក់ឧត្តមសិក្សាឲ្យខានតែបាន ទោះជាជួបការលំបាកយ៉ាងណា ត្រូវតែតស៊ូ ជំនះរាល់ការលំបាកព្រោះការលំបាកក្នុងការសិក្សាតែរយៈពេល៤ឆ្នាំ ធ្វើឲ្យជីវិតយើងមានភាពងាយស្រួលស្ទើរមួយជីវិត ធ្វើឲ្យជីវិតជៀសផុតពីការលំបាកពីភាពក្រីក្រ ជៀសផុតពីការសោកស្តាយដែលមិនបានការងារល្អៗ ធ្វើនឹងគេទាំងនោះ គឺដើម្បីឈានទៅរកភាពជោគជ័យ ក្នុងជីវិតខ្លួនឯង ដោយភាពជោគជ័យ កើតចេញពីការសិក្សា គឺមានរហូតដល់៩០ភាគរយ។

លោកបន្ថែមថា ក្នុងនាមគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម និងឳ៊ពុកម្តាយគ្រប់ៗរូប សូមប្រសិទ្ធពរជ័យដល់ប្អូនៗ កូនៗ ក្មួយៗ ជាទីស្រលាញ់ សូមឲ្យប្រឡងបានលទ្ធផលល្អ គ្រប់ៗគ្នាទៅតាមសមត្ថភាពរៀងៗខ្លួន និង សូមប្រកបតែនឹងវិបុលសុខ ប្រាជ្ញាវៀងវៃ និងសម្រេចបានជោគជ័យលើការសិក្សាសម្រាប់ជីវិតខ្លួនឯង ដើម្បីជួយដល់ក្រុមគ្រួសារ និងសង្គមជាតិ ជាទីស្នេហារបស់យើង៕