(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

លោក ញ៉ឹក បានខេង បានលើកឡើងនៅក្នុងឱកាសលោក និងក្រុមការងារបានចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា  ឆ្នាំ២០២៣។

លោកបានថ្លែងថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកបានបន្តថា ចំពោះបេក្ខជន បេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះ រិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»

លោកបន្តថា ការប្រឡងនេះគឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បងក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយ។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បាឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ក្នុងខេត្តកំពង់ធំ មានមណ្ឌលសរុបចំនួន១៣ មានបេក្ខជនសរុបចំនួន ៥៩០៧ ស្រីចំនួន៣២២៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន១២៣៨ ស្រីចំនួន៧៤៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន៤៦៦៩នាក់ ស្រីចំនួន២៤៨០នាក់៕