(ព្រៃវែង)៖ លោកស្រី ទន់ សាអ៉ឹម អនុរដ្ឋលេខាធិការក្រសួងអបរំ យុវជន និងកីឡា និងលោកស្រី ឡុង គន្ធា អភិបាលរងខេត្តព្រៃវែង តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំ ក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ចំពោះការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន ៨,១៣៥ នាក់ ស្រីចំនួន ៤,៣៥៤នាក់ មានចំនួន ១៥ មណ្ឌល មានចំនួន៣២៧ បន្ទប់។ ដោយក្នុងនោះបែងចែកជាពីរ ផ្នែក មានផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។ ដោយផ្នែកវិទ្យាសាស្រ្តមាន៣ មណ្ឌលស្មើនឹង៧៨បន្ទប់ មានបេក្ខជនសរុបចំនួន១,៩៤២នាក់ ស្រី១,១៥៧នាក់ និងផ្នែកវិទ្យាសាស្រ្តសង្គមចែកចេញជា១២មណ្ឌល មាន ២៤៩បន្ទប់ដែលមានបេក្ខជន ចំនួន ៦,១៩៣នាក់,ស្រី៣,១៩៧នាក់។

លោកស្រី ឡុង គន្ធា បានថ្លែងណែនាំទៅដល់បេក្ខជន បេក្ខនារី សូមយកចិត្តទុកដាក់ប្រឹងប្រែងបញ្ជេញសមត្ថភាពចំណេះដឹងដែលខ្លួនមាន មិនត្រូវបង្កការរំខាននៅក្នុងបន្ទប់ ឬក៏លួចមានប្រយ៉ុង ពិសេសមិនត្រូវចម្លងគ្នានោះឡើយ ហើយក្រោយពេលទទួលលទ្ធផលប្រឡងជាប់ ត្រូវបន្តការសិក្សានៅសកលវិទ្យាល័យបន្តទៀតដើម្បីទទួលបានជំនាញដែលខ្លួនស្រឡាញ់។

លោកស្រី ឡុង គន្ធា ក៏បានផ្តាំផ្ញើ និងណែនាំដល់បេក្ខជន បេក្ខនារី លោកគ្រូអនុរក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នៅបទបញ្ញាត្តិផ្ទៃក្នុង នៃការប្រលងនេះធ្វើយ៉ាងណា ដើម្បីទទួលបាននូវចំណេះដឹងពិតប្រាកដ និងមានសមត្ថភាពក្នុងការបម្រើការងារ និងជួយអភិវឌ្ឍប្រទេសជាតិយើង។ 

ជាមួយគ្នានេះ លោកស្រីអភិបាលរងខេត្តក៏សូមជូនពរដល់បេក្ខជន បេក្ខនារី ដែលបានមកប្រឡងទាំងអស់សូមឲ្យជាប់គ្រប់ៗគ្នា៕