(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីរំពឹង និងក្រើនរំលឹកដល់មន្ដ្រីរាជការក្រសួងមហាផ្ទៃ ទាំងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ និងស៉ីវិល គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋប្រកបដោយមនសិការទទួលខុសត្រូវ ដោយមិនគិតអំពីឧបសគ្គ និងការនឿយហត់ឡើយ។

ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារដ៏ធំស្កឹមស្កៃនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខណៈយើងកំពុងប្រារព្ធពិធីសម្ពោធនូវសមិទ្ធផលជាទីមោទនភាព ពោលគឺអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃនៅថ្ងៃនេះ ខ្ញុំសូមក្រើនរំលឹក និងបំផុសស្មារតីថ្នាក់ដឹកនាំ និងមន្ដ្រីរបស់ក្រសួងមហាផ្ទៃផងដែរថា ជាមួយនឹងតួនាទីដ៏សំខាន់របស់ក្រសួង រាជរដ្ឋាភិបាលក៏មានក្ដីរំពឹងខ្ពស់លើក្រសួងមហាផ្ទៃ ហើយក្ដីរំពឹងនេះទាមទារនូវភាពជាអ្នកដឹកនាំដ៏ឈ្លៀសវៃ មានមន្ដ្រីដ៏សកម្ម និងជាពិសេសមាននូវមនសិកាបម្រើជាតិ និងប្រជាជន ដោយមិនគិតអំពីឧបសគ្គ និងការនឿយហត់ណាមួយឡើយ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អគារទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងអំពីសារៈសំខាន់ នៃតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ នៅក្នុងរាជរដ្ឋាភិបាល ដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, ក្រសួងមហាផ្ទៃ ក៏ដើរតួនាទីជាស្ពានផ្សាភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញទៅរាជរដ្ឋាភិបាល ទៅជាការអនុវត្ត ដែលភាគច្រើនធ្វើឡើងដោយរដ្ឋបាលក្រោមជាតិ និងនៅជាប់ផ្ទាល់នឹងបញ្ហាតាមមូលដ្ឋាន។

សម្ដេចបន្ដថា ពិតណាស់ គោលនយោបាយ នឹងអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀត ក៏នឹងមិនបានទទួលនូវជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកសម្របសម្រួល។ ក្នុងន័យនេះ ក្រៅពីការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្ដែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងមហាផ្ទៃ ទាំងក្របខ័ណ្ឌនគរបាលជាតិ និងស៊ីវិល ដែលបានខិតខំបំពេញភារកិច្ច នៅក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ នៅក្នុងគ្រប់កាលៈទេសៈនាពេលកន្លងមក ដែលជាកត្តាសំខាន់នៅក្នុងការប្រែក្លាយគោលនយោបាយរបស់រដ្ឋាភិបាល ទៅជាលទ្ធផលជាក់ស្ដែង នៅតាមមូលដ្ឋាន ជូនប្រជាពលរដ្ឋ។

សម្ដេចបន្ថែមថា ការចូលរួមរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងក្របខ័ណ្ឌនគរបាលជាតិ និងស៉ីវិលរបស់ក្រសួងមហាផ្ទៃ នឹងត្រូវបន្តជាកត្តាសំខាន់ ក្នុងការអនុវត្តគោលនយោបាយផ្សេងផ្សេងទៀតឲ្យមានប្រសិទ្ធភាពទៅមុខទៀត។ ក្រោមការដឹកនាំរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចជឿជាក់ទាំងស្រុងថា ក្រសួងមហាផ្ទៃ នឹងអាចឆ្លើយតបបានទៅនឹងក្ដីរំពឹងនេះ៕