(រតនគិរី)៖ លោក ងិន ណែល អភិបាលស្តីទីខេត្តរតនគិរី បានផ្តាំផ្ញើបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

លោក ងិន ណែល បានលើកឡើងនៅក្នុងឱកាសលោក និងក្រុមការងារបានចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រឡងវិទ្យាល័យ សម្តេចឪ-សម្តេចម៉ែក្រុងបានលុង នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកបានថ្លែងថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។

លោកបានបន្តថា «ចំពោះបេក្ខជន បេក្ខនារីទាំងអស់ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិត ត្រិះរិះពិចារណា ឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ ចេះជាប់»

លោកបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac Il) សម័យប្រឡង៦ វិច្ឆិកា ២០២៣ ក្នុងខេត្តរតនគិរី មានមណ្ឌលប្រឡងមានចំនួន៣មណ្ឌល រួមមាន៖

*ទី១៖ មណ្ឌលវិទ្យាល័យសម្តេចឪ-សម្តេចម៉ែមាន ៣៣បន្ទប់ (ថ្នាក់វិទ្យាសាស្ត្រសង្គម) មានបេក្ខជនចំនួន៨២០នាក់ (ស្រី៤៨៣នាក់) អញ្ជើញចូលរួមបើកវិញ្ញាសារដោយលោក ងិន ណែល។
*ទី២៖ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ភូមិថ្មីមាន ៣១បន្ទប់ (ថ្នាក់វិទ្យាសាស្ត្រសង្គម) មានបេក្ខជនចំនួន៧៦១នាក់ (ស្រី៣៦១នាក់) អញ្ជើញចូលរួមបើកវិញ្ញាសារដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី។
*ទី៣៖ មណ្ឌលអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុងមាន ១៣បន្ទប់ (ថ្នាក់វិទ្យាសាស្ត្រសង្គម) មានបេក្ខជនចំនួន៣០២នាក់ (ស្រី១៤៧នាក់) អញ្ជើញចូលរួមបើកវិញ្ញាសារដោយលោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី។

លោក ខាត់ សាម៉ាល់ បញ្ជាក់ឲ្យដឹងទៀតថា បេក្ខជនសរុបទាំង៣មណ្ឌលមានចំនួនសរុប១,៨៨៣នាក់ (ស្រី៩៤៦នាក់) ក្នុងនោះមានបេក្ខជនជនជាតិដើមភាគតិចចំនួនចំនួន៨៧៣នាក់(ស្រី៤៤៤នាក់)ផងដែរ៕