(កំពង់ចាម)៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានចូលរួមកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងក្រុងកំពង់ចាមនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក លី ម៉េង សាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឱ្យដឹងថា សំរាប់ខេត្តកំពង់ចាម បេក្ខជនដែលបានដាក់ពាក្យប្រឡង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ មានបេក្ខជនសរុបចំនួន៨៨៩៦នាក់ ដោយបែង ចែកមណ្ឌលប្រឡងចំនួន១៤មណ្ឌល ស្មើនឹង៣៥៨បន្ទប់។ ក្នុងនោះ ចែកជាថ្នាក់វិទ្យាសាស្រ្ត ចំនួន៥មណ្ឌល ស្មើ ១៣០បន្ទប់ មានបេក្ខជន ៣២១៥នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ៩មណ្ឌល ស្មើ ២២៨បន្ទប់ មាន៥៦៨១នាក់។

លោកបានណែនាំដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

ក្នុងករណីរកឃើញថា បានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។ សូមបញ្ជាក់ថា ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដោយឡែកក្រសួងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស៕