(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចលើការងារទាំងឡាយ ដូច្នេះ ការផ្តល់សិទ្ធិហើយត្រូវម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរងចាំបទបញ្ជាពីថ្នាក់លើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ត្រូវប្រឹងប្រែងសម្រួចមុខព្រួញ ហើយត្រូវប្រឹងប្រែងអនុវត្តន៍ឱ្យកាន់តែប្រសិទ្ធភាព ដើម្បីផ្តល់សិទ្ធិអំណាចដល់មូលដ្ឋាន សម្រាប់បម្រើសេវាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្តាប់ឱ្យជាប់រាល់បញ្ហាដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយខិតខំដោះស្រាយ នៅក្នុងមូលដ្ឋានឱ្យអស់ពីលទ្ធភាព។ បន្ថែមពីនេះរាល់ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានដឹងជាមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ដែលបានខិតខំដោះស្រាយបញ្ហាដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ម្ចាស់ការដោះស្រាយទៅតាមលទ្ធភាព កុំរងចាំបទបញ្ជា វិមជ្ឈការនេះ គឺជាការប្រគល់សិទ្ធិ អញ្ចឹងប្រគល់សិទ្ធិ គឺត្រូវការដោះស្រាយមិនមែនតែបញ្ហាទំនាស់នោះទេ ប៉ុន្តែបញ្ហាការផ្តល់សេវារដ្ឋបាលផ្សេងៗ ត្រូវម្ចាស់ការដោះស្រាយកុំចាំ បើឱ្យសិទ្ធិហើយចាំសួរខាងលើសិន អញ្ចឹងគឺផ្តើមពីការកំណត់ឱ្យច្បាស់ក្រសួង ស្ថាប័ននីមួយៗត្រូវចេញគោលការណែនាំ បច្ចេកទេសឱ្យច្បាស់ បទដ្ឋានការងារឱ្យច្បាស់ថាសិទ្ធិស្អីមូលដ្ឋានកម្រិតណាមានសិទ្ធិដោះ កុំឱ្យគាត់ឱ្យច្បាស់មិនហ៊ានធ្វើ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋានជាម្ចាស់ការ ដើម្បីដោះស្រាយបញ្ហានោះនឹងធ្វើឱ្យរឿងទាំងឡាយនឹងមិនត្រូវកកស្ទះនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការផ្តល់សិទ្ធិ ផ្តល់លក្ខខណ្ឌ ជូនដាវហើយទៅហើយសូមកាប់ផង ផ្តល់លទ្ធភាពទៅហើយសូមប្រើប្រាស់ឱ្យត្រូវគោលដៅដើម្បីបម្រើដល់ការវះកាត់ ក្នុងការដោះស្រាយបម្រើប្រជាពលរដ្ឋ ខ្វះការបំបនផ្សេងៗត្រូវស្នើមកថ្នាក់ជាតិ ដើម្បីជួយពង្រឹងសមត្ថភាព និងបច្ចេកទេសមួយចំនួនដល់មន្ត្រី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដល់ក្រសួង ស្ថាប័ន ដែលមិនទាន់មានការណែនាំច្បាស់លាស់អំពីសិទ្ធិ ដែលញែកឱ្យដាច់ពីស្ថាប័នជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវធ្វើយ៉ាងណាដើម្បីផ្តល់សិទ្ធិជូនពួកគាត់ក្នុងការដោះស្រាយបញ្ហានានានៅក្នុងមូលដ្ឋាន។

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រាយសេវាសាធារណៈត្រូវឆ្លើយតបទៅនឹងតម្រូវការ និងការរីកចម្រើន។ គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការមិនត្រូវតែមានវត្តមាននៅមូលដ្ឋាននោះទេ ប៉ុន្តែត្រូវតែមានសិទ្ធិដោះស្រាយ ពីព្រោះមូលដ្ឋានជាអ្នកដែលដឹងច្បាស់ពីបញ្ហានៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។ កន្លងទៅតាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានស្តែងឱ្យឃើញច្បាស់ពីការធ្វើប្រតិភូកម្មអំណាចទៅមូលដ្ឋានក្នុងការដោះស្រាយបញ្ហា៕