(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការចាត់តាំងនឹងតែងតាំងមន្ត្រីពិតជាមានសារៈសំខាន់ណាស់ ដូចនេះត្រូវមានយន្តការវាយតម្លៃឱ្យបានច្បាស់លាស់ រៀបចំមនុស្សឱ្យចំគោលដៅ និងមានឆន្ទៈនិងស្នាដៃក្នុងការបម្រើប្រជាពលរដ្ឋ ទើបទទួលបានប្រសិទ្ធភាពការងារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូចនេះនៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ដែរថា អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង កាលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។ អគារនេះបានបញ្ចុះបឋមសិលាបើកការដ្ឋានសាង សង់នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ដូចនេះថា «ការចាត់តាំងតែងតាំងមន្ត្រីក៏សំខាន់ដែរ ជាពិសេសប្រធានអង្គភាពស្ថាប័នថ្នាក់ក្រោមជាតិ ព្រោះតួនាទីជាប្រធានស្ថានប័ន ថ្នាក់ដឹកនាំសំខាន់ណាស់ជាអ្នកកំណត់ទិសដៅ ជាមជ្ឈមណ្ឌលសាមគ្គីផ្ទៃក្នុង និងជាអ្នកកំណត់ទិសដៅការងារ និងការអាកាត់មួយចំនួននៅមូលដ្ឋាន ចឹងត្រូវមានការវាយតម្លៃ និងមានយន្តការវាយតម្លៃឱ្យបានច្បាស់លាស់ជៀសវាងនូវការអន្តរាគមន៍ផ្សេងៗ ដើម្បីរៀបចំមនុស្សឱ្យចំគោលដៅ មានឆន្ទៈ និងស្នាដៃក្នុងការបម្រើប្រជាពលរដ្ឋ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប​ន្ថែមដែរថា ការប្រើប្រាស់មន្ត្រី មិនថា​ក្នុងវិស័យអប់រំ ក្នុងវិស័យសុខាភិបាល រដ្ឋបាលសាធារណៈ និងគ្រប់វិស័យទាំងអស់ ព្រោះប្រធានស្ថាប័នមានសារៈសំខាន់ណាស់ ហើយបើអ្នកដឹកនាំ ណែនាំហើយមន្ត្រីក្រោមឱវាទមិនសកម្មនោះ ថ្នាក់ដឹកនាំនឹងពិបាក ហើយបើការងារនៅមូលដ្ឋានស្ទះហើយ និងស្ទះមកដល់ថ្នាក់លើថែមទៀត ព្រោះគោលការណ៍មាននៅថ្នាក់លើ តែការអនុវត្តន៍គឺនៅថ្នាក់ក្រោម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៀតថា ផ្តើមចេញពីការចាត់តាំង និងតែងតាំមន្ត្រី ត្រូវតែរៀបចំឱ្យចំគោលដៅ និងត្រូវយកចិត្តទុកដាក់ផ្តល់ឱកាសដល់បេក្ខជនជាស្ត្រី ដើម្បីជួយលើកកម្ពស់សមភាពយេឌ័រ នៅក្នុងការរៀបចំក្នុងជួរថ្នាក់ដឹកនាំផងដែរ៕