(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដាក់ចេញនូវអនុសាសន៍ណែនាំការងារសំខាន់ៗចំនួន ៦ចំណុចដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃយកទៅអនុវត្តន៍ ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការដាក់ចេញនូវអនុសាសន៍នេះ ធ្វើឡើងក្នុងឱកាសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ អគារទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចនាយករដ្ឋមន្ត្រី ​បានដាក់ចេញនូវអនុសាសន៍ណែនាំការងារសំខាន់ៗចំនួន ៦ចំណុចរួមមានដូចខាងក្រោម៖

១៖ ត្រូវពង្រឹងសមត្ថភាពមន្ត្រី ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ឱ្យមាននូវមនសិការ ក្រមសីលធម៌ និងវិជ្ជាជីវៈ ព្រមទាំងសមត្ថភាព ស័ក្តិសមជាទីពឹងរបស់ប្រជាពរដ្ឋ, ពង្រឹងការវាយតម្លៃការតែងតាំងទាំងមន្ត្រីស៉ីវិល និងនគរបាលឱ្យបានច្បាស់លាស់។

២៖ ត្រូវពង្រឹងនូវភាពស្អាតស្អំ ជាពិសេសត្រូវពង្រឹងនូវយន្តការត្រួតពិនិត្យផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ស្កាត់ភាពអសកម្មនានា ជាពិសេសការប្រើប្រាស់អំណាចខុសច្បាប់ និងត្រូវចាត់វិធានការតឹងរ៉ឹង ប្រសិនបើមានករណីនេះកើតឡើង។

៣៖ ត្រូវធ្វើវិចារណកម្មនូវប្រសិទ្ធភាព និងភាពងាយស្រួលនៃការផ្តល់សេវាសាធារណៈរបស់ខ្លួន ដើម្បីធានាថាគ្មាននីតិវិធីណាមួយ ដែលបង្កការលំបាក និងដែលមិនមានការចាំបាច់ ដល់ប្រជាពលរដ្ឋឡើយ។

៤៖ ត្រូវពង្រឹងយន្តការច្រកចេញចូលតែមួយ និងយកចិត្តទុកដាក់រៀបចំសេវាសាធារណៈ ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដូចជាថ្នាល CamDX ដោយត្រូវផ្តល់អាទិភាព ផ្តល់សេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឬជាញឹកញាប់ ដូចជាសេវាអត្រានុគោលដ្ឋាន ការស្នើសុំលិខិតអញ្ញាតធ្វើអាជីវកម្ម និងសេវាពាណិជ្ជកម្មជាដើម។

៥៖ ត្រូវធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព នៃការវិភាជធនធានទៅកាន់ថ្នាក់ក្រោមជាតិ ដើម្បីធានាថាថ្នាក់ក្រោមជាតិ អាចបំពេញមុខងារ និងភារកិច្ច ដែលត្រូវបានធ្វើប្រតិភូកម្ម ដោយជោគជ័យ។

៦៖ ត្រូវពង្រឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ រាល់គោលនយោបាយទាំងអស់ ដែលថ្នាក់ជាតិបានដាក់ចេញឱ្យថ្នាក់ក្រោមជាតិអនុវត្តន៍ ដើម្បីពង្រឹងការផ្សាភ្ជាប់គោលនយោបាយ ទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីធានាបាននូវការបម្រើបងប្អូនប្រជាពលរដ្ឋ ឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់មន្ត្រីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងអនុវត្តន៍កិច្ចការទាំងឡាយ ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ហើយសម្តេចមានក្តីរំពឹងថាមន្ត្រីក្រសួងមហាផ្ទៃ នឹងបន្តបំពេញរាល់កិច្ចការ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕