(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យយកចិត្តទុកដាក់ធ្វើផ្លូវនៅតាមឃុំឲ្យបានស្អាត មុននឹងចង់បង្កើតសួនច្បារ នៅក្នុងខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ចង់ឲ្យប្រើប្រាស់ថវិកាឲ្យចំគោលដៅ ឧទាហរណ៍ថា នៅពេលយកថវិកាទៅបង្កើតផ្លូវនៅតាមឃុំ វានឹងបម្រើសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ដែលឈានដល់ការរួមចំណែកអភិវឌ្ឍន៍ដល់ខេត្តទាំងមូល។ នេះជាអ្វីដែលសម្តេចធិបតី ឲ្យថ្នាក់ខេត្តគិតគូរ ព្រោះថ្នាក់ខេត្តមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសម្រេច តាមការប្រគល់អំណាច តាមរយៈនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ថវិកាហេដ្ឋារចនាសម្ព័ន្ធ តើយើងយកថវិកាទៅដាក់កន្លែងមួយដែលលំបាក ឬដាក់នៅកន្លែងណាមួយ ដែលមានសួនដែលល្អជាងគេ។ យើងត្រូវដាក់ថវិកាកន្លែងណា ដែលប្រជាពលរដ្ឋត្រូវការ។ សួនអី យើងច្នៃសិនទៅ។ ចង់បង្កើតសួនច្បារនៅខេត្តស្អាត តែបែរជានៅតាមឃុំខ្វះផ្លូវ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺជាការផ្តល់អំណាចឱ្យមន្ត្រីថ្នាក់ក្រោមជាតិ មានសិទ្ធិសម្រេចលើការងារទាំងឡាយ៕