(អ៊ីស្តង់ប៊ុល)៖ ក្រុមរដ្ឋអាជ្ញារបស់ប្រទេសតួកគី បានធ្វើការពិភាក្សាគ្នា អំពីចំណាត់ការតាមផ្លូវច្បាប់ទៅលើលោក Fethullah Gulen ដែលត្រូវបានរដ្ឋាភិបាលតួកគី ចោទថាជាមេខ្លោង ធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដា ហើយជា លទ្ធផលចាស់ព្រឹទ្ធាចារ្យដែលកំពុងរស់នៅ អាមេរិករូបនេះ នឹងអាចទទួលការផ្តន្ទាទោស ដាក់ពន្ធនាគារពីរជីវិត និងត្រូវជាប់ក្នុងពន្ធនាគារបន្ថែមរយៈពេល ១,៩០០ឆ្នាំទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Israel Times នារសៀលថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។
នៅក្នុងពាក្យចោទប្រកាន់ដែលមាន ២,៥២៧ទំព័រ ដែលត្រូវបានអនុម័តដោយរដ្ឋអាជ្ញានៅទីក្រុង Usak ភាគខាងលិច ប្រទេសតួកគីនោះ លោក Gulen បានទទួលរងការចោទប្រកាន់ ពីបទល្មើសធំៗមួយចំនួនដូចជា ការប៉ុនប៉ងបំផ្លាញច្បាប់រដ្ឋធម្មនុញ្ញដោយប្រើប្រាស់កម្លាំង ព្រមទាំងការបង្កើត និងដឹកនាំក្រុមភេរវករ ប្រដាប់អាវុធ រួមជាមួយនឹងបទចោទប្រកាន់ធ្ងន់ៗជាច្រើនទៀត ដែលពាក់ព័ន្ធនឹងរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដា។ យ៉ាងណាក៏ដោយ តួកគីនៅតែកំពុងទាមទារ អាមេរិក ឲ្យផ្តល់បត្យាប័នបញ្ជូនខ្លួនលោក Gulen ត្រឡប់មកវិញនៅឡើយ៕