(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ខូយ រីដា អភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៤ ដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្ត រហូតទៅដល់ជាង២៤ម៉ឺននាក់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងបានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង៧ សមាជិកាសាខាសមាគមនារីខេត្ត ព្រមទាំងយុវជន យុវនារី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ខូយ រីដា បានឱ្យដឹងថា ពិធីបុណ្យអុំទូក គឺមានតាំងពីដូនតាមកម្ល៉េះ យើងអាចធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រនេះ ឱ្យបានគង់វង្ស ដើម្បីយើងបានរួមគ្នាប្រារព្ធពិធីប្រណាំងទូកនេះ ជារៀងរាល់ឆ្នាំ និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបានបន្តថា រយៈពេលពីរថ្ងៃនេះ ក្នុងនាមគណៈអភិបាលខេត្ត លោកសូមសម្ដែងនូវ សេចក្តីសមនោស្សរីករាយយ៉ាងក្រៃលែង ដែលរដ្ឋបាលខេត្តបានរៀបចំនូវពិធីប្រណាំងទូកនេះឡើង ដើម្បីអបអរសាទរពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបម្រើភាពសប្បាយរីករាយ ដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិនាពេលនេះ។ ជាមួយគ្នានោះ លោកក៏សូមអរគុណទៅដល់ការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ពីគ្រប់អនុគណៈកម្មការ ដែលបានព្យាយាមបំពេញការងារ តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតទទួលបានលទ្ធផលល្អតាមការគ្រោងទុក។

លោក ខូយ រីដា ក៏សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ ប្រគេនព្រះមេគណ ព្រះអនុគណ លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភ ទាំងថវិកា និងសម្ភារៈ គាំទ្រដល់ដំណើរការកម្មវិធី និងសូមកោតសរសើរដោយស្មោះ ចំពោះគ្រប់អនុគណៈកម្មការទាំងអស់ ដែលខិតខំប្រឹងប្រែងរៀបចំអស់ពីកម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បីសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

បើតាមលោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹងថា ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ឆ្នាំនេះ មានរបៀបរៀបរយល្អជាងឆ្នាំមុនៗ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងកីឡាករអុំទូក និងការអនាម័យបរិស្ថាន ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាកំសាន្តជាង២៤ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០២២ គឺមានតែជាង១៧ម៉ឺននាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ ឆ្នាំនេះយើងមានការដាក់តាំងពិព័រណ៌លក់ផលិតផលនានា និងទំនិញផ្សេងៗ និងពេលរាត្រី មានបាញ់កាំជ្រួចព្រោងព្រាត មានតន្ត្រីខ្នាតយក្ស ខ្នាតមធ្យម ប្រគុំរាំលេងកំសាន្ត ដែលញ៉ាំងឱ្យភ្ញៀវដែលមកទស្សនា កាន់តែពុះកញ្ជ្រោលផងដែរ។

បន្ថែមពីនោះ បើតាមការផ្ដល់ព័ត៌មានពីគណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ទូក«ង» ដែលចូលរួមប្រកួតប្រជែងមានចំនួន៣៣ទូក ស្មើនឹង១៧គូ មកពីបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត វត្តអារាម វិស័យឯកជន និងក្រុងស្រុកទាំង០៧ ក្នុងខេត្តពោធិ៍សាត់ និងមកពីខេត្តកំពត ខេត្តបាត់ដំបង ដែលមានឯកសណ្ឋានចម្រុះព័ណ៌។

សូមបញ្ជាក់ថា នៅថ្ងៃបញ្ចប់ នៃការប្រណាំងទូក «ង» រយៈពេល២ថ្ងៃនេះ យើងបានរកឃើញទូក ដែលទទួលបានផែនពិសេស លេខ១ ចំនួន២ទូក ក្នុងមួយទូកទទួលបាន ពានរង្វាន់១ ទង់១ ប័ណ្ណសរសើរ១ ថវិកា៥លានរៀល, លេខ២​ ចំនួន៦ទូក​ ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា៤លានរៀល, លេខ៣ ចំនួន៥ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា៣លានរៀល និងលេខ៤ ចំនួន១ទូក ទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា២លានរៀល។ ផែនកិត្តិយស លេខ១​ ចំនួន៣ទូក ក្នុងមួយទូកទទួលបានពាន់រង្វាន់១ ទង់១ ប័ណ្ណសសើរ១ និងថវិកា៥លានរៀល, លេខ២ ចំនួន៨ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា៤លានរៀល, លេខ៣ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា៣លានរៀល, លេខ៤ ចំនួន២ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា២លានរៀល។ ដោយឡែកទូកនីមួយៗ ក៏ទទួលបានការឧបត្ថម្ភបន្ថែម ពីសប្បុរសជនផ្សេងៗទៀតផងដែរ៕