(ចិន)៖ ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ តុលាការ និងសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រួមជាមួយអ្នកវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ផ្សេងទៀតចំនួន១៣រូប បានទទួលសញ្ញាបត្របណ្ឌិតច្បាប់ (Ph.D., in Law) ពីសាកលវិទ្យាល័យ Southwest University of Political Science and Law នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន ក្រោយពីខកខានទៅទទួលសញ្ញាបត្រដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

ការទទួលបានសញ្ញាបត្រនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖
១. លោកស្រី ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌
២. លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌
៣. លោក ខាន់ វណ្ណៈ រដ្ឋលេខាធិការក្រសួងយុត្តិធម៌
៤. លោក អេន សុភាព មេធាវីរាជរដ្ឋាភិបាល
៥. លោក ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌
៦. លោក បួន សុមុនី អគ្គលេខាធិការរងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
៧. លោក នុប សុធនវិសុទ្ធ សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
៨. លោក ធិន វុត្ថា សមាជិកក្រុមប្រឹក្សានីតិកម្ម និងយុត្តិធម៌នៃក្រសួងយុត្តិធម៌ និងជានាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
៩. លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមតុលាការកំពូល
១0. លោក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
១១. លោក ឃឹម គិរី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានដេប៉ាត់ម៉ង់ទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
១២. លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
១៣. លោក មុំ សីលាបុត្រ មេធាវីស្ម័គ្រចិត្តសម្តេចតេជោ។

ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌កម្ពុជា ជាមួយសាកលវិទ្យាល័យ Southwest University of Political Science and Law និងជាមួយមជ្ឍមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន (China ASEAN Legal Research Center) តាំងពីឆ្នាំ២០១៥ តាមរយៈកម្មវិធីពង្រឹងសមត្តភាពសម្រាប់មន្រ្តីក្រសួងយត្តិធម៌ និងមន្ត្រីក្នុងវិស័យយុត្តិធម៌ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ក្រសួងយុត្តិធម៌កម្ពុជាបានបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីចំនួន២០រូប ចូលរួមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) និងថ្នាក់បណ្ឌិតផ្នែកច្បាប់ (Ph.D. in Law) នៅសាកលវិទ្យាល័យ SWUPL នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងអ្នកវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ផ្សេងទៀត ក៏ត្រូវបានជ្រើសរើសជាអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ានរបស់សាកលវិទ្យាល័យផងដែរ និងបានចូលរួមក្នុងវេទិការលើកទី៥ នៃកិច្ចសហប្រតិបត្តិការច្បាប់ចិនអាស៊ាន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន៕