(ស្ទឹងត្រែង)៖ មុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ BacII ២០២៣ មួយថ្ងៃ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ជួបការខ្វះខាតចំនួន៧៥នាក់ ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣។

ការសំណេះសំណាលនេះ ធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព អភិបាលរង ស៊ី សួន អភិបាលរងខេត្តតំណាងអភិបាលខេត្តស្ទឹងត្រែង។

ថ្លែងទៅកាន់សិស្សានុសិស្សជួបការលំបាកខ្វះខាត ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ អភិបាលរង ស៊ី សួន បានថ្លែងថា «អ្វីដែលយើងជួបការលំបាកយើងត្រូវតែរឹងមាំ ខិតខំប្រឹងប្រែង តស៊ូធ្វើយ៉ាងណាឲ្យដល់គោលដៅ ដើម្បីឲ្យខ្លួនយើងក្លាយជា សសទ្រូងប្រទេសជាតិឬជាទំពាំងស្នងឬស្សីដ៏ល្អ សម្រាប់សង្គមជាតិ និងក្រុមគ្រួសាររបស់យើង»

ទន្ទឹមនេះ លោកអភិបាលរងខេត្ត ក៏បានរំលឹកពីការតស៊ូរៀនសូត្ររបស់លោកនិងលើកឡើងថាកាល ពីអំឡុងឆ្នាំ១៩៧៩ ក្រោយពេលកម្ពុជាបានរំដោះ គឺគ្មានសាលារៀនល្អសំរាប់បណ្តុះបណ្តាលសិស្សានុសិស្ស ដូចសម័យបច្ចុប្បន្នឡើយ ដែលអាចចាត់ទុកថាសិស្សានុសិស្សបច្ចុប្បន្នមានភ័ពវាសនា និងសំណាងជាទីបំផុតដែលមានសាលារៀនល្អក្នុងការសិក្សារៀនសូត្រ ដូចនេះទោះយើងជួបការលំបាក ក៏យើងត្រូវតែខិតខំប្រឹងប្រែង បញ្ជេញសមត្ថភាពរបស់យើងឲ្យទទួលបានលទ្ធល្អ ដើម្បីឈានបន្តឆ្ពោះទៅមុខ និងក្លាយជាធនធានល្អ កូនល្អ សិស្សល្អ និងពលរដ្ឋល្អនៅក្នុងសង្គម។

ជាមួយគ្នានេះ អភិបាលរងខេត្ត ស៊ី សួន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ កុំឲ្យមានការភិតភ័យ ឬព្រួយបារម្ភ និងត្រូវត្រៀមខ្លួនឲ្យបានល្អ សមរម្យ ព្រមទាំងអនុវត្តឲ្យបានខ្ជប់ខ្ជួននូវបទបញ្ជារគោលការណ៍ណែនាំនានា ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញ។

ពាក់ព័ន្ធនិងការប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំ២០២៣នេះដែរ រដ្ឋបាលខេត្តស្ទឹងត្រែង បានសម្រេចជួយសម្រួល និងឧបត្ថម្ភការស្នាក់នៅ និងអាហារដល់បេក្ខជនជួបការលំបាកជីវភាព មកពីមូលដ្ឋានឆ្ងាយពីក្រុងស្ទឹងត្រែង ចំនួន២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីរួមចំណែកសម្រួលមួយផ្នែក ដល់ការលំបាករបស់បេក្ខជន ដោយឡែក អភិបាលខេត្តស្ទឹងត្រែង បានឧបត្ថមជាថវិកាផ្ទាល់ខ្លួនជូនសិស្សានុសិស្សជួបលំបាកចំនួន៧៥នាក់ មកពីទូទាំងខេត្តស្ទឹងត្រែងក្នុងម្នាក់ ទទួលបានថវិការចំនួន១៨ម៉ឺនរៀលផងដែរ។

គួបញ្ជាក់ផងដែរថា យោងតាមស្ថិតរបស់មន្ទីរអប់រំយុវជន និងកីឡា ខេត្តស្ទឹងត្រែង សិស្សានុសិស្សនិងបេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ចំណេះទូទៅនិងស្វៃរិន សម័យប្រឡងថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន១០៥៦នាក់ ស្រី៥៤៧នាក់ មានមណ្ឌលប្រឡងចំនួន០២ ១.ថ្នាក់វិទ្យសាស្ត្រសង្គមប្រឡងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និង២.ថ្នាក់វិទ្យាសាស្ត្រប្រឡងនៅវិទ្យាល័យព្រះរាជបូជនីយកិច្ច៕