(កំពង់ឆ្នាំង)៖ យុវជនម្នាក់ បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍ឃាតកម្ម ដែលបានកើតឡើងកាលពីវេលាម៉ោង២២៖១៥នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខវត្តថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

លោក យឹម សុផល អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរ បាលស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនរងគ្រោះ និងជនដៃដល់ បានទៅលេងនៅវត្តថ្មកែវ ក្នុងភូមិថ្មកែវខាងលើ ដោយសារយប់នោះ មានក្រុមល្ខោនបាសាក់ និងមកសម្ដែងនៅក្នុងវត្ត តែពុំបានសម្ដែងនោះទេ ខណៈនោះដែរក៏មានវត្តមានជនដៃដល់ និងជនរងគ្រោះបានទៅលេងនៅទី នោះផងដែរ និងដោយសារតែពីមុនមកជនរងគ្រោះ និងជនដៃដល់ធ្លាប់មានទំនាស់ជាមួយគ្នាជាញឹកញាប់លុះនៅវេលាខាងលើ ជនដៃដល់ឃើញជនរងគ្រោះចេញពីក្នុងវត្ត មកដល់មុខខ្លោងទ្វារវត្តប្រមាណជាជាង១០ម៉ែត្រ ជនសង្ស័យក៏បានយកកាំបិតកកុកកាប់ទៅលើជនរងគ្រោះចំនួន២កាំបិត បណ្ដាលឲ្យរងរបួសជាទម្ងន់ដេកដួលក្នុងថ្លុក ឈាម ក្រុមគ្រួសារជនរងគ្រោះក៏បានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ តែដោយសារអាការៈរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ជនរងគ្រោះក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង។ សពជនគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកត្រឡប់ទៅផ្ទះវិញទាំង យប់ផងដែរ។

លោកអធិការរង ក៏បានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់សមត្ថកិច្ច ក៏បានកំណត់មុខសញ្ញា និងបានឃាត់ខ្លួនបុរសម្នាក់មានទីលំនៅក្នុងភូមិស្រងាំទេ ក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ យកមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារតែរូបគេនិងជនរងគ្រោះ ធ្លាប់មានទំនាស់ជាមួយគ្នា ជាញឹកញាប់ហើយកន្លងមកជនរងគ្រោះធ្លាប់បានដេញកាប់រូបគេផងដែរ ទើបធ្វើឲ្យរូបគេមានគំនុំមកដល់ថ្ងៃនេះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចំណាត់ការបន្តតាមនីតិវិធី។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើនេះ បានបញ្ជាក់ថា នៅយប់កើតហេតុមានក្រុមល្ខោន បាសាក់មួយវង់ បានទៅសម្ដែងនៅវត្តថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ការសម្ដែងនេះ គឺដោយលក់សំបុត្រ មិនមានការសំដែងក្នុងវិធីបុណ្យទាននោះទេ។ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុដោយសារ ការលក់សំបុត្របានតិចពេក ក្រុមល្ខោនបាសាក់ក៏មិនបានសំដែងដែរ ដោយត្រូវលើកពេលមកសម្តែងនៅយប់ថ្ងៃបន្ត គឺនៅយប់ថ្ងៃទី៤ ខែវិច្ឆិកានេះវិញ អ្នកបានទិញសំបុត្រ ក៏ត្រូវរង់ចាំមកទស្សនានៅយប់ថ្ងៃទី៤ ខែវិច្ឆិកានេះដែរ៕