(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បាននិមន្តព្រះសង្ឃពីបណ្តាវត្តអារាមនានាក្នុងរាជធានីភ្នំពេញ ចំនួនជិត ៣០០ អង្គ និមន្តទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងដោយមានការនិមន្តចូលរួមពីសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញអំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់លោកគ្រូអ្នកគ្រូ ឱ្យបានយល់ជ្រួតជ្រាប អំពីទីតាំងដែលសម្ដេចបានគិតទុក និងធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានទូលប្រគេន ព្រះថេរា នុត្ថេរៈ ដែលនិមន្តចូលរួមដំណើរទស្សនកិច្ចនេះ អំពីគោលបំណងធំៗ ចំនួនបី គឺ៖ ១.ការសិក្សាស្វែងអំពីវីរភាពពិតរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសង្គ្រោះជាតិកម្ពុជាពីរបបខ្មែរក្រហម; ២.ការចុះមកសិក្សាស្វែងយល់ដល់ទីតាំងប្រវត្តិសាស្ត្រជាក់ស្តែងដែលស្ថិតនៅជាប់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម និង ៣.ការប្រែក្លាយ និងអភិវឌ្ឍតំបន់ជាប់ព្រំដែន ជាពិសេសតំបន់ X16 នេះ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ពេលខាងមុខ។ លោកបានបន្ថែមថា បើគ្មានការសម្រេចចិត្តត្រឹមត្រូវ ក្នុងការចាប់ផ្ដើម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នាពេលនោះទេ ក៏គ្មានអ្វីៗនៅពេលបច្ចុប្បន្ននេះដែរ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ព្រះថេរា នុត្ថេរៈ បាននិមន្តបង្សុកូលជូនដល់បុព្វការីជន យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ នៅមហាចេតីយ ព្រមទាំងមានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន ដែលបានបូជាជីវិតជូនជាតិមាតុភូមិផងដែរ។

សូមរំលឹកផងដែរថា ទីតាំងចំណុចX16 ជាចំណុចភូមិសាស្ត្រ នៅលើបន្ទាត់ព្រំដែន នៃព្រំប្រទល់កម្ពុជា-វៀតណាម ដែលមានទីតាំងស្ថិតនៅ ចំណុចអាងដាច់ត្រពាំងថ្ពរ ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (កម្ពុជាប្រជាធិបតេយ្យ៖ តំបន់២១ ភូមិភាគបូព៌ា)។ តំបន់២១ នេះ គឺជាកន្លែងដែលពួកកម្លាំងមជ្ឈិមបោសសម្អាតកម្មាភិបាលប្រជាជនអស់ច្រើន និង សាហាវយង់ឃ្នងព្រៃផ្សៃខ្លាំងណាស់។ ខ្មែរក្រហមធ្វើសកម្មភាពបោសសម្អាតតំបន់នេះ ជាងកន្លែងណាៗទាំងអស់។

ទីតាំង X16 ជាចំណុចផ្តើមនៃដំណើរការតស៊ូមួយ ដែលចាប់ផ្តើមដោយគ្នាប្រាំនាក់ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់ជំហាន។ ប៉ុន្តែជាលទ្ធផល ដោយសារតែការសម្រេចចិត្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ វីរជនកម្ពុជាបានឆ្លងផុតសមុទ្រគ្រោះថ្នាក់ ហើយបង្កើតជាកម្លាំងធំ ឈានទៅរកការសង្គ្រោះជាតិចេញផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។