(កំពង់ស្ពឺ)៖ រោងចក្រ សហគ្រាសនឹងបន្តកើនឡើងថែមច្រើនទៀត នៅដើមឆ្នាំ២០២៤ នៅទឹកដីខេត្តកំពង់ស្ពឺ ខណៈបច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាសប្រមាណ ៣៨៥កន្លែងកំពុងដំណើរការ។ នេះបើតាមការលើកឡើងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងដំណើរទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មផលិតកាបូបយីហោល្បីៗក្នុងរោងចក្រ ស៊ីគ្លូ ស្ថិតក្នុងសង្កាត់ច្បារមន ក្រងច្បារមន ខេត្តកំពង់ស្ពឺ ។

លោក វ៉ី សំណាង បានថ្លែងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលមានរោងចក្រ សហគ្រាសច្រើន។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស សរុបចំនួន ៣៨៥កន្លែង មានកម្មករ និយោជិតសរុបជាង ១៥ម៉ឺននាក់ ស្រីជាង១១ម៉ឺននាក់ ។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន១៩១កន្លែងមានកម្មករ និយោជិតសរុបជាង១៤ម៉ឺននាក់ ស្រីជាង១០ម៉ឺននាក់។ ហើយនៅឆ្នាំដើមឆ្នាំ២០២៤ ចំនួនរោងចក្រ នឹងមានការកើនឡើងបន្ថែមទៀត ដែលត្រូវការកម្មករ រាប់ម៉ឺននាក់ដើម្បីធ្វើការ ។

លោកអភិបាលខេត្ត បានសំដែងនូវការព្រួយបារម្ភចំពោះកង្វះកម្មករសម្រាប់បម្រើការងារនៅតាមរោងចក្រទាំងអស់នោះ ពីព្រោះបច្ចុប្បន្នខេត្តកំពង់ស្ពឺ នៅខ្វះកម្មករជិតមួយម៉ឺននាក់នេះសម្រាប់ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤ កង្វះនេះនឹងអាចកើនច្រើនជាងនេះបន្ថែមទៀតគ្រាដែលរោងចក្រ សហគ្រាសផ្តើមបើកទ្វារដំណើរការបន្ថែម ។

អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សា ហើយមានបំណងស្វែងរកការងារធ្វើ សូមងាកមកកាន់ ខេត្តកំពង់ស្ពឺ ដែលជាតំបន់ឧស្សាហកម្មមានការកើនឡើង។

សូមបញ្ជាក់ផងដែរថា រោងចក្រស៊ីគ្លូមានចំនួន ២ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ និងមានកម្មករ កម្មការិនីកំពុងធ្វើការចំនួន១៨០០០នាក់ បច្ចុប្បន្នកំពុងដំណើរការលើខ្សែសង្វាក់ផលិតកម្មផលិតកាបូបយីហោល្បីៗ មានម៉ាក COACHKATE SPADE ,MICHAEL KORSTORY,BURCHFOSSIL,BRAHMIN សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិច អ៉ឺរ៉ុប និងជប៉ុន ដែលក្នុងមួយខែអាចមានលទ្ធភាពផលិតបាន ចំនួន៦៦ម៉ឺនកាបូប៕