(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឲ្យដឹងថា សម្តេចតេជោ បានជួយចេញថ្លៃព្យាបាលអ្នកជំងឺបេះដូងម្នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត តាមសំណូមពររបស់កូនស្រីអ្នកជំងឺ ដែលបាន Comment នៅលើ Facebook របស់សម្តេច។
ភ្លាមៗនោះសម្តេចបានបញ្ជួនក្រុមការងារចុះទៅពិនិត្យផ្ទាល់ នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃអាទិត្យកន្លងទៅ។ ហើយឥឡូវនេះស្ថានភាពអ្នកជំងឺ ស្ថិតក្នុងសភាពធម្មតា ដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានជាប្រចាំ។ ដោយឡែកចំពោះការចំណាយសម្តេចតេជោ ហ៊ុន សែន ជាអ្នកចំណាយទាំងស្រុង។
ខាងក្រោមនេះខឹ្លមសារទាំងស្រុងរបស់សម្តេចតេជោ បង្ហាញនៅលើ Facebook ផ្លូវការរបស់សម្តេច៖
ថ្មីៗនេះ ខ្ញុំបានឃើញសាធារណៈជន បង្ហោះសំណូមពរ និងកូនស្រីឈ្មោះ ផៃ មុន្នីវីរ៉ាត់ Comment នៅលើ Facebook ខ្ញុំសុំការសណ្ដោសឲ្យជួយ ព្យាបាលជម្ងឺឪពុកឈ្មោះ សូ មុន្នីរ័ត្ន ដែលកំពុងមានជំងឺបេះដូង។ ភ្លាមៗនោះខ្ញុំក៍បានបញ្ជួនក្រុមការងារ ចុះទៅពិនិត្យផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត។
ចាប់តាំងពីអ្នកជម្ងឺដែលជាឪពុករបស់កូនស្រីបានចូលមកសម្រាកព្យាបាលកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺត្រូវបានទទួលយកចិត្តទុកដាក់ ព្យាបាលមើលថែទាំពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោ (TYDA)។ ស្ថានភាពអ្នកជំងឺពេលនេះគឺស្ថិតក្នុងសភាពធម្មតា ដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានជាប្រចាំ។ ខ្ញុំសូមជម្រាបថាការចំណាយទាំងស្រុង សម្រាប់ព្យាបាលអ្នកជំងឺ គឺមិនតម្រូវអោយក្រុមគ្រួសារបង់ប្រាក់ឡើយ ។ សូមអរគុណបងប្អូនដែលបានជួយផ្តល់ព័ត៌មានមកកាន់ Page ខ្ញុំបានទាន់សភាពការណ៍។
សូមជូនពរក្មួយប្រុសអ្នកជំងឺ សូ មុន្នីរ័ត្ន បានជាសះស្បើយឆាប់ៗ៕