(សៀមរាប)៖ អគារមួយខ្នងមាន២បន្ទប់ ដែលជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ផ្តល់តាមរយៈអង្គការចក្ខុវិស័យកម្ពុជា ជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាដំបូកខ្ពស់ ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានរៀបចំធ្វើពិធីក្រុងពលី សាងសង់ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមាន ចូលរួមរបស់លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ និងលោក Bany Tennent តំណាងអង្គការរ៉ូតារីក្លឹប និងលោក ស៊ត់ ចន្ថា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះដែរ លោក អៀង ពិសិដ្ឋ បានសំដែងអំណរគុណ ចំពោះអង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ និង អង្គការចក្ខុវិស័យកម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចការស្តារ និង អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដែលបានសបញ្ជាក់ពីការផ្សាភ្ជាប់រវាងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបម្រើសេវាសាធារណៈ និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំ ដែលអាចទទួលយកបាន ក្នុងស្ថានភាពនៃការរីកចម្រើនរបស់ពិភពលោកផងដែរ។

លោក អៀង ពិសិដ្ឋ បានលើកឡើងថា ការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និងមានមនសិការស្នេហាជាតិ វិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធសុវត្ថិភាពសង្គម ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជន ក្នុងការទទួលការអប់រំ។

ក្នុងនោះដែរ លោកក៏បានលើកនូវនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យអប់រំជាអទិភាព ក្នុងការពង្រឹងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស។ សារៈសំខាន់នៃការកែលម្អរ បរិស្ថានអប់រំ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

លោកអភិបាលស្រុក បានបន្តថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ដោយកុមារ និងយុវជន និងមនុស្សពេញវ័យ ត្រូវទទួកបានការសិក្សា អប់រំពេញមួយជីវិត ដែលមានការពាក់ព័ន្ធ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់។

លោក Bany Tennent តំណាងអង្គការរ៉ូតារីក្លឹប ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះសិស្សទាំងអស់ ដែលចូលមកសិក្សាគ្មានទីជម្រកត្រូវទៅតាមស្តង់ដារ គរុកោសល្យអប់រំ ដែលធ្វើឲ្យសិស្សមានការលំបាកក្នុងការរៀនសូត្រ។

លោក Bany Tennent បានបន្តថា អង្គការរ៉ូតារីក្លឹប បានផ្តល់អគារមួយចំនួននៅសាលាជនបទ នៅខេត្តសៀមរាប ហើយនឹងបន្តជួយទៅដល់សាលាតាមភូមិ ដែលខ្វះខាតអគារនៅក្នុងស្រុកស្វាយលើ សម្រាប់ទ្រង់ទ្រាយតូច ព្រមទាំងជួយដល់វិស័យសង្គមកិច្ចទៀតផង។

លោក ស៊ត់ ចិន្ថា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានលើកឡើងថា អង្គការបានកំពុងរួមចំណែកយ៉ាងសកម្មលើកវិស័យអប់រំ សុខុមាលភាព ទឹកស្អាត អនាម័យ បរិស្ថាន និងផ្គត់ផ្គង់ស្បៀងអាហារ និងការកសាងអគារសិក្សានៅតាមមូលដ្ឋានជនបទនៅតាមស្រុកគោលដៅ ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួនទៀតផង​ដែរ។

ជាមួយនេះដែរ លោកស្រី លួន សាលីន នាយិការសាលាបឋមសិក្សាដំបូកខ្ពស់ បានឲ្យដឹងថា សាលាបឋមសិក្សានេះស្ថិតនៅតំបន់ព្រៃភ្នំ ហើយដល់ពេលនេះមានអគារស្តង់ដារអប់រំ ១ខ្នង ៥បន្ទប់ និងរោងដោល ២ខ្នង មានសិស្សមក សិក្សាសរុប ២៤៩នាក់ ស្រី១១៦នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦។ ដោយឡែក នៅរៀងរាល់ថ្ងៃសិស្សទាំងអស់ បានទទួលការឧបត្ថម្ភអាហារមួយពេលផងដែរ។

ជាមួយនេះដែរ លោកស្រី លួន សាលីន នាយិការសាលាបឋមសិក្សាដំបូកខ្ពស់ ក៏មានការព្រួយបារម្ភ នូវកង្វះអគារសិក្សា ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ សិស្សមានការកើនឡើងរហូត៕