(កំពង់ឆ្នាំង)៖ អាជ្ញាធរខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានចេញបំភ្លឺជាសាធារណៈ ពាក់ព័ន្ធនឹងករណីមាន Account Facebook មួយឈ្មោះ Chhun Brn (ជារបស់ឈ្មោះ វ៉ែន ឈុនហាក់) បានចេញផ្សាយថា «មិនគួរចៅហ្វាយខេត្តកំពង់ឆ្នាំង បណ្ដោយឲ្យលោកឧត្តមសេនីយ៍ ទា ឡេង រំលោភ និងឈូសឆាយដីរាប់ពាន់ហិចតា នៅឃុំក្រាំងស្គារ ស្រុកទឹកផុស» ដោយអាជ្ញាធរបានធ្វើការច្រានចោលទាំងស្រុងពីព្រោះគ្មានករណីនេះកើតឡើងនោះទេ នៅពេលមានការចុះស្រាវជ្រាវ និងចុះទៅពិនិត្យផ្ទាល់។
អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា «ក្រោយពីព័ត៌មាននេះ បានចេញផ្សាយជាសាធរណៈ និងបានបង្ហោះចូលទៅក្នុង Page របស់សម្ដេចតេជោ ហ៊ុន សែន រួចមក រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានចាត់ក្រុមការងារមាន លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ជាប្រធាន និងមន្ត្រីក្នុងមន្ទី-អង្គភាពពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរស្រុកទឹកផុស បានចុះត្រួតពិនិត្យដល់ទីតាំងដីខាងលើ ដោយបាននាំទាំងម្ចាស់ Account Facebook ឈ្មោះ វ៉ែន ឈុនហាក់ នោះ ទៅជាមួយផង។ ក្រុមការងារ បានដើររកទីតាំងដីកើតហេតុខាងលើ អស់មួយព្រឹកធំ តែរកពុំឃើញសោះ លុះដល់ចុងក្រោយឈ្មោះ វ៉ែន ឈុនហាក់ បានទៅចង្អុលទៅដីរបស់ប្រជាពលរដ្ឋឈូសឆាយហើយ ប្រាប់ក្រុមការងារថា ជាដីកើតហេតុដូចខាងលើ តែដីទាំងនោះ ត្រូវបានប្រជាពលរដ្ឋអះអាងថា មានប្លង់កម្មសិទ្ធិត្រឹមត្រូវ ហើយត្រូវបានវាស់វែងដោយក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោទៀត»។ អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត និងក្រុមការងារ មានការហួសចិត្ត និងសោកស្ដាយយ៉ាងខ្លាំង ចំពោះបុគ្គលឈ្មោះ វ៉ែន ឈុនហាក់ ដែលបានចេញផ្សាយព័ត៌មានបំភ្លៃការពិតបែបនេះ ដែលជារឿងបរិហាកេរ្តិ៍ ភូតកុហកឆបោក ធ្វើឱ្យមានការភ័ន្តច្រឡំដល់សាធារណៈជន ពីការមិនទទួលខុសត្រូវរបស់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់។
ហេតុដូច្នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា គ្មានករណីរំលោភ និងឈូសឆាយដីរាប់ពាន់ហិចតា ពីលោកឧត្តមសេនីយ៍ ទា ឡេង ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដូចការចេញផ្សាយក្នុង Page របស់ឈ្មោះ វ៉ែន ឈុនហាក់ នោះឡើយ។ ចំណែកបុគ្គលឈ្មោះ វ៉ែន ឈុនហាក់ នោះ ក្រុមការងារនឹងបន្តនីតិវិធីដោះស្រាយ ទៅតាមច្បាប់ជាធរមាន៕