(ភ្នំពេញ)៖ ក្រុមអធិការកិច្ច ក្រសួងរ៉ែនិងថាមពល ដឹកនាំដោយលោករដ្ឋលេខាធិការ ឌិត ទីណា និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេ បានចុះប្រតិបត្តិការល្បាតចល័ត ត្រួតពិនិត្យរថយន្តដឹកដី ថ្ម ខ្សាច់ ដែលខុសបច្ចេកទេស មិនគ្របឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល ធ្វើឲ្យជ្រុះរាយប៉ាយលើដងផ្លូវ និងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ រថយន្តមិនមានខណៈបច្ចេកទេសគ្រប់គ្រាន់ សំបកកង់សឹករិចរិល សំពីង សសំពោង វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈច្ចេកទេស និងប្រកបអាជីវកម្ម និងបណ្ណបើកបរ។
ក្នុងប្រតិបត្តិការនេះ នគរបាលចរាចរណ៍ រួមជាមួយក្រសួងរ៉ែ និងថាមពល បានឃាត់រថយន្តដឹក ថ្ម ខ្សាច់ ចំនួន១២គ្រឿង ធ្វើការអប់រំណែនាំ កែតម្រូវនិងពិន័យតាមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៦៦ ជាមួយនោះដែរ ក្រសួងរ៉ែនិងថាមបានសម្រេចផ្អាកសកម្មភាពទីតាំងរណ្តៅដីចំនួនពីរកន្លែង ស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងបិទដេប៉ូខ្សាច់ចំនួនពីរកន្លែង នៅសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ក្នុងនាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សូមអំពាវនាវដល់បងប្អូនអជីវករដឹកដី ថ្ម ខ្សាច់ គ្រួស សូមចូលរួមគោរពច្បាបស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំ របស់ក្រសួងរ៉ែនិងថាមពល៕