(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងឱ្យដឹងថា នៅដើមខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងបើកប្រតិបត្តិការហោះហើរត្រង់ពីទីក្រុងតូក្យូ ប្រទេសជប៉ុន មករាជធានីភ្នំពេញ ដែលនឹងរួមចំណែកស្រូបយកកំណើនភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្ពុជាបន្ថែមកាន់តែច្រើន។
ការលើកឡើងដូចនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី គោលដៅទេសចរណ៍កម្ពុជា-ជប៉ុន នាភោជណីយដ្ឋាន TOPAZ ដោយមានការចូលរួមពីលោក KUMAMARU YUKI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសិក្ខាកាមជាច្រើននាក់។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីបានលើកឡើងថា សិក្ខាសាលាខាងលើនេះ មានគោលបំណងផ្លាស់ប្ដូរគំនិតយោបល់ និងបទិសោធន៍ល្អៗ ក្នុងការជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍គោលដៅទេសចរណ៍ រវាងកម្ពុជា និងជប៉ុន ហើយជាការត្រៀមលក្ខណៈរួចជាស្រេចរបស់កម្ពុជា ក្នុងការទទួលភ្ញៀវទេសចរជប៉ុន ជាពិសេសដើម្បីអបអរសាទរ ដល់ការតភ្ជាប់ជើងហោះហើរត្រង់ ពីប្រទេសជប៉ុនមកកម្ពុជា នៅដើមខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន All Nippon Airways (ANA)។
លោករដ្ឋមន្រ្តីបានបន្តថា ការតភ្ជាប់នេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើរជូនភ្ញៀវទេសចរ ដែលជាកត្តាគន្លឹះសម្រាប់ជំរុញកំណើនទេសចរណ៍ ពិសេសដើម្បីស្របយកចំនួនភ្ញៀវទេសចរជប៉ុន ឱ្យបាន៣០ម៉ឺននាក់ នៅឆ្នាំ២០២០ ខណៈរយៈពេល៦ខែ ដើមឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវជប៉ុន ៩០,៨៧៧នាក់ រួចហើយ។ បច្ចុប្បន្ន កម្ពុជាក៏មានការផ្ដល់ទិដ្ឋការអេឡិចត្រូនិក (E-visa), ទិដ្ឋការពេលមកដល់ (Visa on arrival), និងទិដ្ឋការចេញចូលច្រើនដង (Multiple-Entry Visa) សម្រាប់រយៈពេល១ឆ្នាំ,២ឆ្នាំ,៣ឆ្នាំ ដែលបានផ្ដល់ភាពងាយស្រួលដល់ទេសចរ និងអ្នកវិនិយោគ ចូលមកកម្ពុជា។
លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ទៀតថា ដើម្បីសម្រេចបានតាមការរំពឹងទុកនៃចក្ខុវិស័យនេះ ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ និងផ្នែកឯកជន ត្រូវពង្រឹងការអភិវឌ្ឍផលិតផលទេសចរណ៍ ឱ្យស្របតាមស្ដង់ដារត្រឹមត្រូវ, ត្រូវបណ្ដុះបណ្ដាលបុគ្គលិកឱ្យមានជំនាញច្បាស់លាស់ (បុគ្គលិកម្នាក់ជំនាញមួយ), ពង្រីកការផ្សព្វផ្សាយពីវិស័យទេសទេសចរណ៍ ទាំងសារព័ត៌មាន និងប្រព័ន្ធអនឡាញ អាយធី, សម្រួលការដឹកជញ្ជូន ការធ្វើដំណើររបស់ភ្ញៀវទេសចរ ពិសេសការបន្ថែមជើងហោះហើរត្រង់នេះតែម្ដង ដែលទាំងអស់នេះ ក៏ផ្អែកលើកត្តមានសន្តិភាពផងដែរ៕