(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៣នេះ ចំពោះមហាសន្និបាតលើកទី៧ របស់មិត្ដកាយឫទ្ធិនារីអាស៊ីប៉ាស៊ីប៉ាហ្វិក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស្ដីពី"ស្រមៃមើលឱកាស" ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅលើទឹកដីចក្រភពអង្គរដ៏ស្រស់បវរនៃយើង បន្ទាប់ពីរលត់ងងឹតសូន្យសុងចាប់ពីឆ្នាំ១៩៧០ ពិសេសពីឆ្នាំ ១៩៧៥-១៩៧៩ គឺបានបើកទំព័រប្រវត្ដិសាស្រ្ដថ្មី ទៅកាន់តំបន់ក៏ដូចពិភពលោក យ៉ាងស្រស់បំព្រង ។

ពីព្រោះមហាសន្និបាត របស់កាយឬទ្ធិនារីកម្ពុជាក្នុងសម័យតេជោ សន្ដិភាព នៅលើទឹកដីចក្រភពអង្គរ សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​យ៉ាងច្រើនជាងគេក្នុងតំបន់នេះ គឺបានបង្ហាញអំពីកិត្យានុភាពរបស់កាយឫទ្ធិនារីកម្ពុជា នូវការផ្លាស់ប្ដូរចំណេះដឹង វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ឲ្យដល់ស្រ្ដីមកពីបណ្ដាប្រទេសនានាក្នុងតំបន់ឲ្យយល់អំពីតួនាទីរបស់ខ្លួនក្នុងសង្គម ដើម្បីចូល​រួម​អភិរក្ស និង​អភិវឌ្ឍ​ន៍បេតិកភណ្ឌ​ពិភពលោក​។

លោក រ័ត្ន សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះ បើពោលអំពីគុណតម្លៃកាយឫទ្ធិនារីកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់លោកជំទាវ ពេជ្រ ចន្ឋមុនី្ន ជាសមាជិករបស់ចលនាកាយឫទ្ធិនារីតំបន់ ក៏ដូចកាយឫទ្ធិពិភពលោកនោះ យើងឃើញថា កាយឫទ្ធិនារីកម្ពុជាមានសកម្មភាពដ៏ប្រពៃថ្លៃថ្លាណាស់ ក្នុងការ អប់រំប្រៀបប្រដៅដល់ស្រ្ដី -យុវតីឲ្យមានធម៌សប្បុរ មានធម៌សាមគ្គី ស្គាល់ខុសត្រូវ ចេះគោរពច្បាប់បញ្ញត្ដិស្រុកទេស ចេះប្រព្រឹត្ដករណីកិច្ចជាពលរដ្ឋយ៉ាងខ្ជាប់ខ្ជួន និងចេះជួយយកអាសាគ្នា ក្នុងគ្រាដែលប្រជាពលរដ្ឋមានគ្រោះថ្នាក់អគ្គិភ័យ ទឹកជំនន់ និងគ្រោះថ្នាក់ចរាចរជាដើម។

ហេតុនេះបេសកកម្មកាយឫទ្ធិនារីកម្ពុជា គឺបណ្ដុះបណ្ដាលអប់រំស្រ្ដី-យុវតីជាតិ ឲ្យជាមនុស្សឧស្សាហ៍ ខ្លាំងពូកែ មានសុខភាពនិងគំនិតល្អ ដើម្បីជាបង្គោលទ្រជាតិដ៏រឹងមាំ ដូចស្រ្ដីសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។

ចំពោះប្រវត្ដិសាវតាររបស់កាយឫទ្ធិកម្ពុជាវិញ គឺមានប្រវត្ដិដ៏យូរលង់ផងដែរ ដោយបានបង្កើតទ្បើងតំាងពីឆ្នាំ១៩៣៤ ក្នុងរជ្ជកាលព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត នាជំនាន់អាណានិគមនិយមបារំាងសែសមកម្ល៉េះ ។ ដោយស្របទៅតាមលក្ខន្តិក:កាយឫទ្ធិអន្ដរជាតិ ដែលបានបង្កើតទ្បើងដោយលោក រ៉ូប័រ បាដេន ប៉ូវែល-Robert Baden Powell ដែលជាស្ថាបនិកកាយឬទ្ធិពិភពលោក ៕